(ភ្នំពេញ)៖ តាមរយៈសេចក្តីណែនាំមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ចាត់វិធានការវិន័យ ចំពោះសមាជិកទាំងឡាយដែលបានញុះញង់បំបែកបំបាក់ផ្ទៃក្នុងរបស់ គណបក្សរាជានិយមនេះ ជាថ្មីម្តងទៀត។
សេចក្តីណែនាំរបស់សម្តេចក្រុមព្រះ បានធ្វើឡើងបន្ទាប់ពីមានសមាជិកមួយចំនួន ដែលគេសង្ស័យដឹកនាំដោយ លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការងនៃគណបក្សហ៊្វុនស៊ិនប៉ិច បានបង្កើតញត្តិជាបន្តបន្ទាប់ ដើម្បីស្នើសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស ដោយចោទប្រកាន់មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំង២រូបនេះថា ប្រកាន់បក្ខពួកនិយម និងមានអំពើពុករលួយ។
សម្តេចក្រុមព្រះបានមានព្រះបន្ទូលតាមសេចក្តីណែនាំនេះថា៖ «ដើម្បីចៀសវាងការញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ឬការបំផ្លាញរចនាសម្ព័ន្ធរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដូចដែលពួកគេធ្លាប់បានធ្វើកន្លងមកតាមរយៈការផ្តិតមេដៃលើញត្តិ ឬការជួបប្រជុំសម្ងាត់ ឬការធ្វើសមាជខុសច្បាប់ ខ្ញុំសូមស្នើថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការណ៍ស្របតាមលក្ខន្តិកៈ ឬវិធានការផ្ទៃក្នុងគណបក្ស ចំពោះជនអសកម្មមួយចំនួន ដែលាក់ខ្លួនរង់ចាំឱកាសដើម្បីបំផ្លាញភាពសុខសាន្តរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីធានានូវស្ថិរភាពផ្ទៃក្នុង គណបក្សរឹងមាំឈានទៅការបោះឆ្នោតជាបន្តបន្ទាប់ពេលដ៏ខ្លីខាងមុខនេះ»។
អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង លោក សេង ហាក់ស្រ៊ុន ដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះនៅឡើយទេនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ញត្តិរបស់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដែលស្នើឱ្យដងតំណែង លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស គឺកើតឡើងបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច បានចូលកាន់តំណែងជាតំណាងរាស្រ្តចំនួន៤១រូប ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ៕