(ភ្នំពេញ)៖ លោក អ៉ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី ដែលត្រូវបានចប់អាណត្តិការងារនៅកម្ពុជា បានលើកឡើងថា ចំណងការទូត និងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងតួគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបេសកកម្មការទូត៤ឆ្នាំ របស់លោកនៅកម្ពុជា។

លោក អ៉ីលហាន កេម៉ាល់ បានគូសបញ្ជាក់ថា រយៈពេល៤ឆ្នាំមកនេះ ប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ពិសេសដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទៅកាន់ប្រទេសតួគីកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងចំណងការទូត កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីររីកចម្រើន ហើយក៏ចង់ឃើញកិច្ចសហប្រតិបត្តិការនេះមានការរីកចម្រើន និងរឹងមាំថែមទៀតផងដែរ។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា លោក អ៉ីលហាន កេម៉ាល់ តាគ បានស្នើសុំសម្តេច ហេង សំរិន ជួយជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសកម្ពុជា និងតួគី ឲ្យមានការរីកចម្រើនឡើង ពិសេសសុំឲ្យមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមមិត្តភាពសភាប្រទេសទំាងពីរ។

លោក អ៉ីលហាន កេម៉ាល់ តាគ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ គំាទ្រដល់បេសកកម្មការទូតរបស់លោកឲ្យទទួលបានជោគជ័យ។ លោកឯកអគ្គរដ្ឋទូត ដែលត្រូវចប់អាណត្តិបានជម្រាប សម្តេចប្រធានរដ្ឋសភាថា ក្នុងឱកាសដែលលោកបានចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចនាយករដ្ឋមន្រ្តី បានជម្រាបឯកឧត្តមថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួគី នាពេលខាងមុខនេះ។

«យើងខ្ញុំរង់ចំា និងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសតួគី។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងការទូតកម្ពុជា តួគីកាន់តែរឹងមាំឡើង»។ នេះជាការលើកឡើងរបស់លោក អ៉ីលហាន កេម៉ាល់ តាគ។

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកលើកកម្ពស់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងនយោបាយការបរទេសកាន់តែប្រសើរឡើង។ សម្តេចបានគូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា សូមគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងសូមជំរុញឲ្យបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងសងខាង»

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដែរថា សម្តេចនឹងខំជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនឡើង។ កន្លងមកទោះបីមិនទាន់មានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចជាផ្លូវការរវាងរដ្ឋសភាកម្ពុជានិងតួគី មែន តែសភាប្រទេសទំាងពីរ បានចូលរួមសហការគ្នានៅក្នុងក្របខណ្ឌសភាតំបន់អាស៊ី(APA)។

សម្តេច ហេង សំរិន បានលើកឡើងថា កន្លងមកសមាជិកសភាតួកគី បានចូលរួមកិច្ចប្រជុំ មហាសន្និបាត សភាតំបន់អាស៊ី(APA) នៅកម្ពុជា ហើយគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី នៅប្រទេសតួគី ផងដែរ។

សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ទោះបីឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ លោកនឹងនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា៕