(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យមន្ត្រីពន្ធនាគារនាំខ្លួនឈ្មួញលក់់ដីក្លែងក្លាយ ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីបន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងឆបោក ដែលជនត្រូវចោទទាំង២នាក់នេះ បានស៊ីដាច់ប្រាក់កក់ថ្លៃទិញដីរបស់ជនរងគ្រោះ ចំនួន៥ម៉ឺនដុល្លារ នៅខេត្តកំពត។
ជាមួយគ្នានេះ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានលួចបង្ហើបថា ជនត្រូវចោទទាំង២នាក់ ទី១-ឈ្មោះ ស៊ុន សៀង និងទី២-ឈ្មោះ ហេង សាន ដែលកំពុងជាប់ឃុំនៅគុកព្រៃស ពាក់ព័ន្ធករណី ក្លែងឯកសារស្នាមមេដៃពលរដ្ឋលក់ដីខ្យល់នៅខេត្តកំពតនោះ កំពុងតែរកច្រកចេញពីពន្ធនាគារវិញ តាមរយៈការពឹងពាក់មេធាវី ជិត១០នាក់ឱ្យជួយរត់ការ សុំនៅក្រៅឃុំ ដោយមិនព្រមសងសំណង ទៅជនងគ្រោះនោះទេ។
សូមជម្រាបជូនថា ជនត្រូវចោទ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ២រូប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន២រួមមាន៖
ទី១៖ ដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទទាំង២នាក់ ពីបទ «ឆបោក» ប្រាក់កក់ថ្លៃដីចំនួន៥ម៉ឺនដុល្លារ ពីជនរងគ្រោះប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ទី២៖ ដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទទាំង២នាក់ ខាងលើពីបទ «ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក» ដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋជាង១០០នាក់ថា ជាម្ចាស់ដីនៅខេត្តកំពត ចំនួន៦០០០ហិកតា និងប្រើតួនាទីជាមន្រ្តីយោធា ដើម្បីទៅលក់ដីខ្យល់នោះ ទៅឱ្យជនរងគ្រោះ បោកប្រាស់យកលុយ ប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើនេះ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លូន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងដីកាបង្គាប់ឱ្យនាំខ្លួន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន៥០,០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕