(ភ្នំពេញ)៖ ក្រុមហ៊ុន SCG (អេសស៊ីជី) ទទួលបានលទ្ធផលប្រតិបត្តិការគួរជាទីពេញចិត្ត នេះក៏ដោយសារតែយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលចេះសម្របខ្លួនបានភ្លាមៗនៅចំពោះមុខបម្រែបម្រួលក្នុងទីផ្សារ និងតម្រូវការរបស់អតិថិជន ស្របពេលដែលក្រុមហ៊ុន ក៏ត្រៀមរៀបចំពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួនផងដែរ សម្រាប់នៅឆ្នាំ២០១៨នេះ ក្រុមហ៊ុននៅតែផ្ដោតលើយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនថ្មីផ្នែកឌីជីថល។
លោក Roongrote Rangsiyopash ប្រធាន និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានបង្ហាញលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនមុនសវនកម្ម សម្រាប់ឆ្នាំសារពើពន្ធ ២០១៧ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួច បានកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ដោយមានទំហំទឹកប្រាក់ ៥៣.៦៨១ ពាន់លានរៀល (១៣.២៨៦ លានដុល្លារសហរដ្ឋអាមេរិក) ដែលបានកើនឡើងដោយសារតែតម្លៃនៃវត្ថុធាតុគីមីបានកើនខ្ពស់។ ចំណែកឯប្រាក់ចំណេញក្នុងរយៈកាលមួយឆ្នាំនេះ គឺមានចំនួន ៦.៥៥៣ ពាន់លានរៀល (១.៦២២ លានដុល្លារ) ដោយបានការធ្លាក់ចុះ២% បើធៀបនឹងឆ្នាំ២០១៦ ដែលការធ្លាក់ចុះនេះ គឺដោយសារតែមានការប្រកួតប្រជែងខ្លាំងសម្រាប់អាជីវកម្មស៊ីម៉ង់ត៍ និងបរិក្ខារសំណង់។
ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ប្រាក់ចំណូលពីការលក់បានកើនឡើង ១៤% បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំ២០១៦ ដោយមានទំហំទឹកប្រាក់ ១៣.៨២៩ ពាន់លានរៀល (៣,៤៤២ លានដុល្លា) ដែលកំណើននេះ គឺដោយសារតែតម្លៃផលិតផលគីមីបានកើនខ្ពស់។ ប្រាក់ចំណូលនៅត្រីមាសទី៤ បានកើនឡើងបន្តិច គឺ១% បើធៀបនឹងត្រីមាសទី៣។ ចំណែកឯប្រាក់ចំណេញនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៧នោះ គឺមានចំនួន ១.៥៣៣ ពាន់លានរៀល (៣៨១លានដុល្លារ) គឺបានកើនឡើង១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ និងបានកើនឡើង៦% បើធៀបនឹងត្រីមាសទី៣។
ក្រុមហ៊ុន SCG នៅក្នុងតំបន់អាស៊ាន លើកលែងប្រទេសថៃ ប្រាក់ចំណូលពីការលក់របស់ ក្រុមហ៊ុន SCG នៅត្រីមាសទី៤ ឆ្នាំ២០១៧ បានកើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដោយមានទំហំទឹកប្រាក់ចំនួន ៣.៣៧២ពាន់លានរៀល (៨៣៩លានដុល្លារ) ដែលស្មើនឹង ២៤% នៃប្រាក់ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុន SCG។ ចំណែកឯប្រាក់ចំណូលពីការលក់នៅក្នុងឆ្នាំ ២០១៧ គឺបានកើនឡើង ៩% បើធៀបនឹងឆ្នាំ ២០១៦ ដោយមានចំនួន ១២.៦៩០ ពាន់លានរៀល (៣,១៤១ លានដុល្លារ)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន SCG មានទ្រព្យសកម្មសរុប ៧០.៧៩២ពាន់លានរៀល (១៧,៥៥៨ លានដុល្លារ) ដែលក្នុងនោះ ២៤% ឬគិតជាទឹកប្រាក់ស្មើនឹង ១៧.២៦១ ពាន់លានរៀល (៤.២៨១ លានដុល្លារសហរដ្ឋអាមេរិក) ស្ថិតនៅក្នុងតំបន់អាស៊ាន។
ក្រុមហ៊ុន SCG នៅក្នុងទីផ្សារកម្ពុជា ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន SCG នៅត្រីមាសទី៤ នៃឆ្នាំ២០១៧ មានទំហំទឹកប្រាក់៣៦៥ ពាន់លានរៀល (៩១លានដុល្លារ) ដែលរាប់បញ្ចូលទាំងការលក់ផលិតផល ចេញពីប្រតិបត្តិការនៅកម្ពុជាផង និងការនាំចូលពីប្រតិបត្តិការនៅក្នុងប្រទេសថៃផង។ នេះជាការកើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ពិសេស កំណើននេះគឺដោយសារតែប្រតិបត្តិការរបស់រោងចក្រស៊ីម៉ង់ត៍នៅក្នុងខេត្តកំពត។ ប្រាក់ចំណូលពីការលក់នៅក្នុងឆ្នាំ២០១៧ គឺមានទំហំទឹកប្រាក់ ១.៣៩២ពាន់លានរៀល (៣៤៤ លានដុល្លារ)។
ទីផ្សារប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវការលូតលាស់ជាលំដាប់ បើធៀបទៅនឹងឆ្នាំមុន ដោយសារតែគម្រោងសំណង់លំនៅដ្ឋាន និងសំណង់អាជីវកម្មមានការកើនឡើង ខណៈដែលមានការពង្រីកក្រុងនានា ដូចជារាជធានីភ្នំពេញ និងក្រុងសៀមរាបជាដើម។
នៅចំពោះមុខការប្រកួតប្រជែងខ្លាំងក្លាក្នុងអាជីវកម្មសម្ភារសំណង់ ក្រុមហ៊ុន SCG បានបន្តអភិវឌ្ឍផលិតផល និងសេវាបន្ថែមលើតម្លៃខ្ពស់ ដើម្បីទទួលបាននូវសមត្ថភាពប្រកួតប្រជែង កាន់តែប្រសើរជាងមុន។ សម្រាប់ការវិវត្តថ្មីៗរបស់ក្រុមហ៊ុន SCG នៅកម្ពុជា ក្រុមហ៊ុនកំពតស៊ីម៉ង់ត៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ SCG នៅកម្ពុជា កាលពីពេលថ្មីៗបានបញ្ចេញនូវផលិតផលថ្មីរបស់ខ្លួនឈ្មោះថា ស៊ីម៉ងត៍បូក ស៊ុបភើខេ (Super K Plastering) សម្រាប់ទីផ្សារកម្ពុជាផងដែរ។ ផលិតផលថ្មីទំនើបនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីបង្កើតបានជាស៊ីម៉ងត៍បូកចំណុះ ៤០គីឡូក្រាម ដែលមានប្រសិទ្ធភាព ស្មើនឹងស៊ីម៉ង់ត៍បូកធម្មតាចំណុះ ៥០គីឡូក្រាម ហើយផលិតផលថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ ដល់វិស័យសំណង់ដែលលូតលាស់យ៉ាងលឿននៅកម្ពុជា។
លោក Roongrote បានថ្លែងថា «លទ្ធផលប្រតិបត្តិការប្រចាំឆ្នាំ២០១៧ របស់ក្រុមហ៊ុន SCG ត្រូវបានចាត់ទុកថាជាលទ្ធផលជាទីពេញចិត្ត បើទោះបីជាមានការប្រកួតប្រជែងខ្លាំងទាំងនៅក្នុងស្រុក និងនៅថ្នាក់តំបន់ក៏ដូចជា កំណើនលើចំណាយសម្រាប់វត្ថុធាតុដើម និងការឡើងថ្លៃនៃតម្លៃប្រាក់បាត ដែលបានប៉ះពាល់មកលើអាជីវកម្មរបស់ក្រុមហ៊ុនក្តី។ ដោយសារតែការកើនឡើង នូវតម្លៃផលិតផលគីមី សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការសម្របខ្លួនតាមការប្រែប្រួលនូវស្ថានភាពមួយចំនួន និងការពង្រីកអាជីវកម្មសេវាកម្មរបស់យើងដូចជាផ្នែកភស្តុភារជាដើម ដែលជួយបម្រើដល់សេចក្តីត្រូវការរបស់អតិថិជនបានចំៗ និងទាន់ពេលវេលា ទើបធ្វើឲ្យក្រុមហ៊ុន SCG ទទួលបានជោគជ័យ ក្នុងការរក្សាបាននូវបទដ្ឋានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយក៏បានបម្រើដល់អតិថិជនកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ។ ប៉ុន្តែឆ្នាំ២០១៨ នឹងមានបញ្ហាប្រឈមមួយចំនួនដូចជា កំណើននៃការចំណាយលើវត្ថុធាតុដើមសម្រាប់ផលិតផលគីមី និងឧស្សាហកម្មវេចខ្ចប់ ចំណាយលើថាមពល និងការកើនឡើងនូវតម្លៃប្រាក់បាត ក៏ដូចជាការប្រកួតប្រជែងស្វិតស្វាញ នៅក្នុងតំបន់ជាពិសេសនៅក្នុងឧស្សាហកម្មស៊ីម៉ង់ត៍។ ដើម្បីកាត់បន្ថយ និងត្រៀមលក្ខណៈចំពោះបញ្ហាប្រឈមទាំងអស់នេះ ក្រុមហ៊ុន SCG នឹងបន្តពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួន ហើយប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ និងមនុស្សយន្តដើម្បីបង្កើនប្រសិទ្ធភាពរបស់អាជីវកម្ម។ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីបណ្ដុះបណ្ដាលមួយឈ្មោះថា Reskill Training Program ដើម្បីកសាងសមត្ថភាពរបស់និយោជិត ដើម្បីឲ្យពួកគាត់អាចសម្របខ្លួនតាមការផ្លាស់ប្ដូរ និងបម្រើសេចក្តី ត្រូវការរបស់អតិថិជនរបស់យើង ក៏ដូចជាពង្រីកអាជីវកម្មនៅថ្នាក់អន្តរជាតិបន្ថែមទៀតទៅថ្ងៃអនាគត»។
ក្រុមហ៊ុន SCG បានវិនិយោគនៅក្នុងក្រុមហ៊ុនថ្មី ដែលផ្ដោតលើអាជីវកម្មឌីជីថល និងអាជីវកម្មដឹកជញ្ជូន ដើម្បីអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់រថយន្តដឹកជញ្ជូនទំនិញ របស់ SCG Logistics តាមរយៈប្រព័ន្ធឌីជីថល ដែលផ្ដល់នូវសេវាកម្មកាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។ បច្ចុប្បន្នមានរថយន្តដឹកជញ្ជូនប្រមាណជាង ៧ ពាន់គ្រឿងនៅទូទាំងតំបន់អាស៊ាន។
បន្ថែមលើនេះ ក្រុមហ៊ុនSCG ក៏បន្តផ្ដោតលើផលិតផល និងសេវាបន្ថែមលើតម្លៃខ្ពស់ ដើម្បីឆ្លើយតបឲ្យបានលឿនតាមសេចក្តីត្រូវការរបស់អតិថិជន។ កាលពីឆ្នាំមុន ក្រុមហ៊ុន បានវិនិយោគទឹកប្រាក់ប្រមាណជាង ៤៩៧ ពាន់លានរៀល (១២៣ លានដុល្លារសហរដ្ឋអាមេរិក) ទៅលើផ្នែកស្រាវជ្រាវ និងបង្កើតថ្មី ដែលទឹកប្រាក់វិនិយោគនេះ គឺស្មើនឹងប្រមាណជា ០.៩% នៃប្រាក់ចំណូលពីការលក់សរុប។ ការលក់នូវផលិតផលដែលមានតម្លៃបន្ថែមខ្ពស់(HVA) កាលពី ឆ្នាំ ២០១៧ គឺមានទំហំទឹកប្រាក់សរុប ២០.៨៩៨ ពាន់លានរៀល (៥.១៧២ លានដុល្លារសហរដ្ឋអាមេរិក) ដែលស្មើនឹងប្រមាណជា ៣៩% នៃប្រាក់ចំណូលពីការលក់សរុប។
ទន្ទឹមនឹងនេះ កិច្ចសហការជាមួយនឹងក្រុមហ៊ុនថ្មីផ្នែកឌីជីថលក៏មានការរីកចម្រើនល្អផងដែរ ដោយមានគម្រោងកំពុងដំណើរការប្រមាណជាង ៤០គម្រោង ដែលមានសក្ដានុពល នៃការអភិវឌ្ឍឲ្យទៅជាអាជីវកម្ម។ ក្រុមហ៊ុនក៏មើលឃើញនូវឱកាសអាជីវកម្ម ដើម្បីផ្សារភ្ជាប់ជាមួយនឹងបណ្ដាញក្រុមហ៊ុនអាជីវកម្មថ្មី នៅសហរដ្ឋអាមេរិក អ៊ីស្រាអែល និងចិនផងដែរ។ អាជីវកម្មស៊ីម៉ង់ត៍ និងសម្ភារសំណង់នៅក្នុងតំបន់អាស៊ាន កំពុងលូតលាស់ស្របទៅតាមផែនការ ដោយបានបំពេញតាមតម្រូវការ ដែលកំពុងកើនឡើងនៅក្នុងទីផ្សារក្នុងតំបន់។ បច្ចុប្បន្ន SCG ប្រតិបត្តិការរោងចក្រស៊ីម៉ង់ត៍ នៅក្នុងប្រទេសចំនួន៦ ជាមួយនឹងសមត្ថភាពផលិតកម្មសរុបចំនួន ៣៣,៦ លានតោនក្នុងមួយឆ្នាំ ដោយរាប់បញ្ចូលទាំងប្រតិបត្តិការនៅក្នុងប្រទេសថៃផង។
លោក Roongrote បានឲ្យដឹងថា ក្រុមហ៊ុន SCG ក៏បានទិញយកភាគហ៊ុនចំនួន ៦៨.៣% របស់ក្រុមហ៊ុន Interpress Printers ដែលជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មវេចខ្ចប់ចំណីអាហារ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានមូលធនទីផ្សារចំនួន ១០៥,៥ លានរីងហ្គីតម៉ាឡេស៊ី ឬប្រមាណជា៨៣៦ លានបាត។ ការទិញយកភាគ ហ៊ុននេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន SCG សម្រាប់ឧស្សាហកម្មវេចខ្ចប់ចំណីអាហារ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន៕