(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យកម្លាំងនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយឲ្យមានការប្រើប្រាស់នូវវិធានការ អនុវត្តតាមផ្លូវច្បាប់ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ និងប្រើប្រាស់វិធានការ ផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ សិស្ស និស្សិត នៅតាមសហគមន៍ និងនៅតាមសាលារៀន។
ការជំរុញបែបនេះ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឡើងគ្រា ដែលលោកបានផ្ដល់កិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន ស្តីពីការប្រើប្រាស់វិធានការពង្រឹង និងដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម សម្រាប់ឆ្នាំ២០១៨ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
លោកស្នងការនគរបាលបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៧កន្លងទៅនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង សរុបចំនួន២០២ករណី បណ្តាលឲ្យជនរងគ្រោះស្លាប់ ចំនួន១១៧នាក់ និងទទួលរងរបួសធ្ងន់-ស្រាល សរុប២៩៦នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងទៀតថា បញ្ហាប្រឈមនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេបំផុត បណ្តាលឲ្យស្លាប់ និងរងរបួស គឺលោកពិនិត្យមើលឃើញថា កន្លងមកកើតឡើងចំពោះមុខសញ្ញាអ្នកបើកបរម៉ូតូ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍សរុប២០២ករណី ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូ មានរហូតទៅដល់១៥៧ករណី។
លោកបន្ដថា មូលហេតុបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរយានយន្ត និងទោចក្រយានយន្ត មិនគោរច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង បើកបរ វ៉ាជែងគ្មានការប្រុងប្រយ័ត្នជាដើម។
លោកស្នងការ បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កម្លាំងនគរបាលចរាចរណ៍ សហការជាមួយ និងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បន្តចុះធ្វើការចែកមួកសុវត្ថិភាព ជូនអ្នកបើកបរម៉ូតូ ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋ សិស្ស និស្សិត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ ហើយចូលរួមគោរពអនុវត្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់សមាសភាពទាំងអស់ ត្រូវនាំគ្នាចូលរួមគោរច្បាប់ចរាចរណ៍ និងបើកបរមានការយោគយល់គ្នាទៅវិញទៅមក ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕
\