Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាឧទ្ធរណ៍​ នឹងបើកសវនាការ​​ រឿង​សុំនៅក្រៅឃុំរបស់ ជនត្រូវចោទ​ កឹម​ សុខា​ នៅថ្ងៃទី​០១​ ខែ​កុម្ភៈ​

26-01-2018 10:08

(ភ្នំពេញ)​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នឹង​បើក​សវនាការ​ជំនុំជម្រះរឿង​ក្តី​ លោក កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធនឹងបណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ សាលាដំបូង​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​មេធាវី​ សំ​ សុគង់​ ដែលថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៨​នេះ​។

លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខាធិការ​រង ​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ បា​នអះអាង​ថា​ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ លោក​ ផូ​ ពៅ​ស៊ុន​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ និង​មានលោក ហ៊ឹង​ ប៊ុនជា​ ជា​តំណាង​មហា​អយ្យការ​។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕