(ភ្នំពេញ)៖ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់ទណ្ឌកម្មវិន័យ ចំពោះអ្នកដែលកំពុងបំផុសបំផុលឱ្យមានរូបភាពប្រេះស្រាំជាថ្មី នៅក្នុងគណបក្សរាជានិយមមួយនេះ។
ការព្រមានរបស់អ្នកនាំពាក្យគណបក្សរបស់សម្តេចក្រុមព្រះ បានធ្វើឡើងបន្ទាប់ពីមានសមាជិកមួយចំនួន ដែលគេសង្ស័យដឹកនាំដោយ លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការងនៃគណបក្សហ៊្វុនស៊ិនប៉ិច បានបង្កើតញត្តិជាបន្តបន្ទាប់ ដើម្បីស្នើសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស ដោយចោទប្រកាន់មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំង២រូបនេះថា ប្រកាន់បក្ខពួកនិយម និងមានអំពើពុករលួយ។
លោក ញ៉េប ប៊ុនជិន បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច មិនគាំទ្រចំពោះសកម្មភាពបង្កើតញត្តិរបស់លោក សេង ហាក់ស្រ៊ុន នោះទេ ហើយថា ការប្រជុំពិភាក្សាដើម្បីដាក់ទណ្ឌកម្មលើ លោក សេង ហាក់ស្រ៊ុន នឹងធ្វើឡើងនៅថ្ងៃស្អែក។
លោក ញ៉េប ប៊ុនជិន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលធ្វើឱ្យមានបញ្ហានេះគឺជាអ្នកដែលមិនបានគិតពីប្រយោជន៍រួមទាល់តែសោះ។ ខ្ញុំមិនគាំទ្រញត្តិនេះទេ។ ឥឡូវយើងជាថ្នាក់ដឹកនាំ នឹងពិនិត្យមើលទណ្ឌកម្មវិន័យ ដែលនឹងដាក់លើអ្នកទាំងអស់នោះនៅថ្ងៃស្អែក»។
លោកបានបន្តថា ញត្តិនោះ ធ្វើឡើងតែមនុស្សមួយក្រុមតូចប៉ុណ្ណោះ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់គណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។ លោកបន្តទៀតថា អ្វីដែលហ្វ៊ុនស៊ិនប៉ិចចង់ បាននៅពេលនេះ ដើម្បីភាពរឹងមាំ សាមគ្គីជាធ្លុងមួយ និងធ្វើសកម្មភាពចុះមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ។
អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង លោក សេង ហាក់ស្រ៊ុន ដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះនៅឡើយទេនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។
ញត្តិរបស់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដែលស្នើឱ្យដងតំណែង លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស គឺកើតឡើងបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច បានចូលកាន់តំណែងជាតំណាងរាស្រ្តចំនួន៤១រូប ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។
សមាជិកជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួន សង្ស័យថា លោក សេង ហាក់ស្រ៊ុន បង្កើតញត្តិនេះ ដោយសារតែលោកមិនបានទទួលតំណែងជាតំណាងរាស្រ្ត ដែលរៀបចំដោយគណបក្សហ៊្វុនស៊ិនប៉ិច៕