(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សក្តានុពលនៃផលិតកម្មដំណាំស្វាយចន្ទី និងតម្រូវការទីផ្សារនៃផលិតផលស្វាយចន្ទីនេះកំពុងមានការកើនឡើងគួរឲ្យសម្គាល់។ លោក វេង សាខុន បានដាក់ចេញវិធានការ និងណែនាំមន្ត្រីជំនាញពាក់ព័ន្ធឲ្យខិតខំយកចិត្តទុកដាក់បង្កើនផលិតកម្មដំណាំស្វាយចន្ទី ដើម្បីបំពេញដល់តម្រូវការទីផ្សារ។

លិខិតណែនាំទៅដល់មន្រ្តីជំនាញពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក វេង សាខុន បានណែនាំឲ្យពិនិត្យ សិក្សាអំពីសក្តានុពលជាយុទ្ធសាស្រ្ត និងកំណត់តំបន់ដាំដុះស្វាយចន្ទី សម្រាប់ប្រជាកសិករ និងសហគមន៍កសិកម្ម ធ្វើការផលិត និងភ្ជាប់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាក្រោមក្របខ័ណ្ឌ នៃការអនុវត្តអនុស្សារណៈយោគយល់គ្នា ស្តីពីការជំរុញផលិតកម្មស្វាយចន្ទីកម្ពុជា សម្រាប់ការនាំចេញ ជាមួយសមាគមស្វាយចន្ទីវៀតណាម។

លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យមានការសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធជាមួយសមាគមស្វាយចន្ទីវៀតណាម ក្នុងការជ្រើសរើសក្រុមផលិត ការផ្តល់បច្ចេកទេសទំនើបជូនដល់ក្រុមកសិករ ឬ សហគមន៍កសិកម្ម ដើម្បីដាំដុះដំណាំស្វាយចន្ទីជំនួសប្រភេទដំណាំណា ដែលផ្តល់ទិន្នផលទាប ដែលមិនសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានចំពោះមុខនិងទៅអនាគត។

លោក វេង សាខុន ក៏បានណែនាំឲ្យផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ក្រុមកសិករ ឬ សហគមន៍កសិកម្ម ព្រមទាំងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យចូលរួមបង្កើនផលិតកម្មដំណាំស្វាយចន្ទី ជាមួយសមាគមស្វាយចន្ទីវៀតណាម ឲ្យបានល្អប្រសើរ ដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ។

មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឲ្យដឹងថា ដំណាំ​ស្វាយចន្ទី មកដល់ពេលនេះមានប្រមាណ ៦៤,៨០០ហិកតា​។ ដំណាំ​នេះ នៅតែ​រក្សា​ស្ថេរភាព​ទីផ្សារ មិនសូវ​ផ្លាស់ប្តូរ ហាងឆេង​ខ្លាំងក្លា ដូច​ដំណាំ​កៅស៊ូ ម្រេច ដំឡូង​មី ពោតក្រហមនោះឡើយ៕