(ភ្នំពេញ)៖ «យុវជនទាំងអស់ត្រូវចាត់ទុក សាលាក្តីខ្មែរក្រហម គឺជាកន្លែងសិក្សាអំពីប្រវត្តិសាស្ត្រនៃ របបកម្ពុជាប្រជាធិបតេយ្យ និងជាកន្លែងដកបទពិសោធវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការ ដើម្បីបង្កើនចំណេះដឹង និងពង្រឹងបទពិសោធការងាររបស់ខ្លួន»។ នេះគឺជាការលើកឡើងរបស់លោកនេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨នេះ នៅចំពោះមុខសិស្សនិស្សិតនិងប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់។
លោកបានគូសបញ្ជាក់ថា ឯកសារជាច្រើនទាក់ទងនឹង របបខ្មែរក្រហមត្រូវបានចងក្រង និងឯកសារច្បាប់ ការឆ្លើយឆ្លងផ្នែកនីតិវិធីច្បាប់ ព្រមទាំងសេចក្តីសម្រេចជាច្រើនរបស់តុលាការត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ សាលាក្តីខ្មែរក្រហមដើម្បីបម្រើដល់សាធារណជន។
លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថាតុលាការខ្មែរក្រហមគឺជាកន្លែងប្រមូលផ្តុំនូវ ឯកសារជាច្រើនទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យ និងជាកន្លែងអនុវត្តច្បាប់ដែល នេះគឺជាឱកាសដ៏ល្អសម្រាប់ប្អូនសិស្សានុសិស្សនិងនិស្សិតព្រមទាំងអស់សិក្សាស្រាវជ្រាវ ទាំងឡាយមកសិក្សាស្វែងយល់ ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ។ ទន្ទឹមនឹងនេះលោក
បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទង នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលមានទីតាំងនៅជាប់នឹងអគារគណៈ មេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងខណ្ឌសែនសុខ។
បើតាមប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរូបនេះ មជ្ឈមណ្ឌលតម្កលឯកសារច្បាប់នេះ គឺជាទីកន្លែងសម្រាប់តម្កល់ទុក នូវឯកសារទាំងនឹងដំណើរការនីតិវិធីច្បាប់ ឯកសារភស្តុតាង និងការជំនុំជម្រះក្តិនៅចំ ពោះមុខសាលាក្តីខ្មែរក្រហម។
បច្ចុប្បន្ន មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានទទួលពីសាលាក្តីខ្មែក្រហមនូវឯកសារទាក់ទងនឹង សំណុំរឿង ០០១ ប្រឆាំងនឹងអតីតប្រធានគុក ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ហើយសិស្សានុសិស្ស និស្សិត និងបញ្ញាវ័ន្តរួមនឹងសាធារណជននានាអាចអញ្ជើញទៅទស្សនសិក្សានិងធ្វើការស្រាវជ្រាវអំពីរឿងរ៉ាវទាក់ទង នឹងឧក្រិដ្ឋកម្មដែលកើតនៅគុកទួលស្លែង បឹងជើងឯក និងតំបន់នៅជុំវិញទីតាំងឧក្រិដ្ឋ កម្មទាំងនេះបានដោយឥតគិតថ្លៃ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសិក្សាអំពីប្រវត្តិសាស្ត្រគឺពិតជាមានសារៈសំខាន់ និងមានភាពចាំបាច់សម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រោះថាប្រវត្តិសាស្ត្រក៏ជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរផងដែរ។ ម្យ៉ាងទៀតការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រុមគឺដើម្បីទប់ស្កាត់ និងប្រឆាំងនឹងការវិលត្រឡប់មកវិញនៃរបបឃោរឃៅយង់ ឃ្នង់ដូចរបបខ្មែរក្រហមមកលើទឹកដីនៃប្រទេសកម្ពុជាសាជាថ្មី។
«ការណ៍ដែលសាលាក្តី ខ្មែរក្រហមដែលជាតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិមានវត្តមាននៅក្នុង ប្រទេសកម្ពុជាគឺពិតជាសំណាងរបស់ប្រជាពលរដ្ឋកម្ពុជា ដោយទី១ ចូលរួមក្នុងដំណើរ ការនីតិវិធីដោយផ្ទាល់ និងមានឱកាសសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រផ្សេងៗ និង ដកស្រង់បទពិសោធផ្នែកការអនុវត្តច្បាប់ជាតិផងនិងច្បាប់អន្តរជាតិផង»។ លោក នេត្រ ភក្ត្រា លើកឡើងដូច្នេះ មុននឹងអំពាវនាវដល់យុវសិស្ស និងយុវនិស្សិតទាំងអស់ ចំណាយពេលខ្លះសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រជាតិ ជាពិសេសរឿងរ៉ាវទាក់ទង នឹងរបបខ្មែរក្រហមដើម្បីចំណេះដឹង និងដើម្បីការចងចាំ៕