(ព្រះវិហារ)៖ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានរំឭកថា កន្លងមក ធ្លាប់មានអ្នកមានអំណាចបានរំលោភទន្ទ្រានដីរបស់អាជ្ញាធរព្រះវិហារ នៅតំបន់ប្រាសាទកោះកេរ្តិ៍ តែលោកបានចុះបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងដើម្បីលើកទិសដៅអនុវត្តន៍ការងារបន្ត ឆ្នាំ២០១៨ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
ប្រធានអាជ្ញាធរជាតិព្រះវិហារ បានដាស់តឿនក្រើនរំលឹកទៅដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងឆ្មាំដែលមានតួនាទី ការពារសម្បត្តិបេតិកភណ្ឌប្រាសាទព្រះវិហារនេះ ធ្វើយ៉ាងណាត្រូវយកតួនាទី និងភារកិច្ចរបស់ខ្លួនបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចប្រសាសន៍សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានដាស់តឿនមន្រ្តីទាំងអស់ ឲ្យចេះមុជទឹកដុះក្អែលសិតសក់ និងឆ្លុះកញ្ចក់ មើលពីទង្វើររបស់ខ្លួន។
លោកបានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសឆ្មាំកាពារនេះតែម្តង ធ្វើយ៉ាងណាទប់ស្កាត់ឲ្យខានតែបាននូវរាល់បទល្មើសព្រៃឈើ ដែលជាគម្របក្នុងដែនអភិរក្សព្រះវិហារ និងវែករកមុខជនល្មើសយកមកផ្តន្ទាទោសអោយបាន ព្រោះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕