(ភ្នំពេញ)៖ ដោយព្រមានជាថ្មីម្តងទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិកើតមានឡើងនៅកម្ពុជាពេលណា នោះកងយោធពលខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។
សម្តេចពិជ័យសេនា បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសជាថ្មីយ៉ាងដូច្នេះថា «ចលនាសង្រ្គោះជាតិ កើតចេញនៅប្រទេសកម្ពុជាពេលណា ដូចតាមការអួតរបស់ខ្លួន គឺនឹងកម្ទេចចោលភ្លាម ហើយកងទ័ពមិនបណ្តោយឲ្យពួកទាំងនោះមកបំផ្លិចបំផ្លាញជាតិនោះឡើយ»។
សម្តេចបានបន្តថា «រឿងហ្នឹងដូចជាខ្ញុំបាននិយាយរួមហើយថា អាចលនាស្អីគេ វាហាក់ដូចជាមិនមានស្អីខុសពីអ្វីកន្លងមក ដែលវាបានធ្វើនោះទេ អាចលនាស្អីគេ បើសិនជាវាធ្វើសកម្មភាពមែនទែន ដូចអ្វីដែលវាអួត និងគឺថាវាច្បាស់លាស់ហ្មង គឺវាត្រូវតែត្រូវហ្មង ប៉ុន្តែវាត្រូវស្អី គឺចាំដល់ពេលដែលវាមានមែនទែន ដឹងហើយ !»។
ការព្រមានជាបន្តបន្ទាប់របស់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះ ត្រូវបាន លោក សម រង្ស៉ី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ៕