(ថៃ)៖ លោក ថោង ខុន ប្រមុខដឹកនាំក្រសួងទេសចរណ៍របស់កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ពីទីក្រុងឈៀងម៉ៃ ប្រទេសថៃ ឲ្យដឹងថា កម្ពុជានឹងទទួលបានជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ានចំនួន៣ រមណីយដ្ឋានទេសចរណ៍អាស៊ាន ប្រកបដោយចីរភាពចំនួន២ សណ្ឋាគារបៃតងអាស៊ានចំនួន៥ និង MICE អាស៊ានចំនួន៥ ពីវេទិកាទេសចរណ៍អាស៊ាន២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

ជ័យលាភីដែលកម្ពុជានឹងទទួលបានមានដូចខាងក្រោម៖
១៖ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០៣ (ក្រុងបាត់ដំបង, ក្រុងកែប និងក្រុងសៀមរាប)។
២៖ រមណីយដ្ឋានទេសចរណ៍អាស៊ានប្រកបដោយចីរភាពចំនួន០២ (វត្តភ្នំ និងកសិ-ទេសចរណ៍ចំការម្រេចកំពត)។
៣៖ សណ្ឋាគារបៃតងអាស៊ានចំនួន ០៥
* សណ្ឋាគារ រីសត ថ្ងៃបាំងឆ័ត្រ នៅខេត្តកែប

* ភូមិបៃតង ឋានសួគ៌ធម្មជាតិ នៅខេត្តសៀមរាប
* សណ្ឋាគារ រីសត Sokhalay Angkor នៅខេត្តសៀមរាប
* សណ្ឋាគារ រីសត និងភោជនីយដ្ឋាន Nataya Round House Coral Bay នៅខេត្តកំពត
* សណ្ឋាគារ Villa Lang Ka Boutique នៅរាជធានីភ្នំពេញ។

៤៖ បន្ទប់ប្រជុំស្តង់ដារអាស៊ាន ASEAN MICE (Meetings, Incentives, Conferencing, Exhibitions) អាស៊ានចំនួន៥
* សណ្ឋាគារ រីសត Sokha សៀមរាម និង Convention Center
* សណ្ឋាគារ Garden City នៅរាជធានីភ្នំពេញ
* សណ្ឋាគារ រីសត Sokhalay និង Spa នៅខេត្តសៀមរាប

* សណ្ឋាគារ Sofitel ANGKOR Phukettra នៅខេត្តសៀមរាប
* សណ្ឋាគារ រីសត Apsara Palace នៅខេត្តសៀមរាប

ក្រៅពីទទួលបានជ័យលាភីដូចខាងលើនេះ, លោក ថោង ខុន បានបញ្ជាក់បន្ថែមប្រាប់បណ្តាញព័ត៌មាន Fresh News ថា វេទិកាទេសចរណ៍អាស៊ាន២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ បានចាត់ទុកកម្ពុជាជាប្រទេសនាំមុខក្នុងការរៀបចំស្តង់ដា ទេសចរណ៍អាស៊ាន ចំនួនពីរ ១៖ ទីក្រុងស្តង់ដាទេសចរណ៍ស្អាតអាស៊ាន និង ២៖ ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ពិធីចែកពានរង្វាន់ជ័យលាភី នឹងរៀបចំនៅស្អែកទី២៦ ខែមករា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកត់សម្គាល់អំពីដំណើរការវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងបានអនុម័តផែនការការងាររយៈពេល២ឆ្នាំ ២០១៨-២០១៩ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ព្រមទាំងបានកោតសរសើរចំពោះប្រទេសអាស៊ាននាំមុខក្នុងការរៀបចំអភិវឌ្ឍស្តង់ដាទេសចរណ៍អាស៊ាន។

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ ក្រោមប្រធានបទ «និរន្តរភាពការតភ្ជាប់អាស៊ាន វិបុលភាពគ្មានព្រំដែន» «ASEAN Sustainable Connectivity, Boundless Prosperity» បានប្រារព្វពិធីបើកជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រតិភូទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍អាស៊ាន សរុបប្រមាណជាង ១០០០នាក់។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ (21st Meeting of ASEAN Tourism Ministers) បានបញ្ចប់ប្រកបដោយជោគជ័យ ដោយក្នុងឆ្នាំ២០១៧ អាស៊ានទទួលបានទេសចរអន្តរជាតិចំនួន១២៥លាននាក់ ក្នុងកំណើន៨.៤% ក្នុងនោះការធ្វើដំណើរផ្ទៃក្នុងអាស៊ាន មាន៤២% នៃទេសចរអន្តរជាតិសរុប។

ជាមួយនឹងការសម្រេចបានកំណើននៃការមកដល់របស់ទេសចរអន្តរជាតិគួរជាទីមោទនៈ អាស៊ានក៏ទទួលបានកំណើននៃរយៈពេលស្នាក់នៅមធ្យមរបស់ទេសចរអន្តរជាតិ (Average length of stay) ដែលកើនដល់ប្រមាណ៧.៩៨ថ្ងៃ ហើយចំណូលពីវិស័យទេសចរណ៍អាស៊ានកើនដល់ប្រមាណ ៩៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧៕