(ភ្នំពេញ)៖ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០១៧ កម្ពុជាបានបោសសម្អាតមីននៅតាមបណ្តាខេត្តដែលមានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនច្រើនជាងគេគឺ ខេត្តបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ ដោយចំណាយទឹកប្រាក់ ៤,១៩១,៣៤៧ដុល្លារអាមេរិក ក្នុងនោះបានបោសសម្អាតមីនដោយគិតជាផ្ទៃដីសរុបប្រមាណ២១.៦៨ គីឡូម៉ែត្រក្រឡាផ្ទៃ។
ការថ្លែងបញ្ជាក់បែបនេះរបស់ លោក លី ធុជ នៅក្នុងកិច្ចប្រជុំ «ក្រុមប្រឹក្សាភិបាល នៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣» នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ លោក Nick Beresford នាយក UNDP ប្រចាំនៅកម្ពុជា។
លោក លី ធុជ បានបញ្ជាក់យ៉ាងដូច្នោះថា «សម្រាប់ឆ្នាំ២០១៧ ថវិកាប្រមាណ ៤,១៩១,៣៤៧ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា និង UNDP ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ២១.៦៨ គីឡូម៉ែត្រក្រឡា ដោយសំដៅទៅលើខេត្តដែលមានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ»។
បន្ថែមពីនេះលោកក៏បានស្នើសុំឲ្យប្រទេសម្ចាស់ជំនួយ បន្តជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា រួមចំណែកជួយការងារមនុស្សធម៌ ដើម្បីឲ្យកម្ពុជាអាចធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យអស់ នៅត្រឹមឆ្នាំ២០២៥ខាងមុខ។
ក្នុងកិច្ចប្រជុំនោះផងដែរ តំណាងដៃគូរអភិឌ្ឍន៍ លោក Nick Beresford នាយក UNDP ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះដំណើការអនុវត្តដោយជោគជ័យ នូវគម្រោងបោសសម្អាតមីនក្នុងឆ្នាំ២០១៧ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នា អនុវត្តការងារគម្រោងសម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
គួរបញ្ជាក់ថា «គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣» មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩ សម្រាប់ឆ្នាំ២០១៧ គម្រោងបានផ្តោតទៅលើចំនុចគន្លឹះ៣៖ ទី១៖ ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ទី២៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងទី៣៖ការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយរួមបញ្ចូលនូវគម្រោងកាត់បន្ថយផ្ទៃដី តាមរយៈការស្រាវជ្រាវមិនបច្ចេកទេស និងការគូសយកពហុកោណចំការមីនថ្មីៗ៕