(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា នៅឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបានកម្ចាត់នូវប្រព័ន្ធចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់ បានទាន់ពេលវេលា ដែលនាំឲ្យកម្ពុជាបន្ដរក្សាបានសុខសន្ដិភាព សណ្ដាប់ធ្នាប់។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តសៀមរាប, សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៧កន្លងទៅនេះ ទោះបីសភាពការណ៍សន្ដិសុខក្នុងពិភពលោក និងក្នុងតំបន់មានការវិវត្តប្រែប្រួលស្មុគស្មាញ [...] ហើយនៅក្នុងប្រទេសកម្ពុជាយើង កម្លាំងនយោបាយ និងមជ្ឈដ្ឋានខ្លះបានរៀបចំ និងអនុវត្តផែនការជាប្រព័ន្ធនូវចលនា បដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់យ៉ាងណាក្ដី ប៉ុន្ដែអាស្រ័យដោយយើងបានចាត់វិធានការស្របតាមគោលការណ៍នីតិរដ្ឋ បានទាន់ពេលវេលា»។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការបង្ក្រាបបានទាន់ពេលនេះហើយ ធ្វើឲ្យប្រទេសកម្ពុជានៅតែបន្ដរក្សាបានសុខសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្របខ័ណ្ឌជាតិទាំងមូល បង្កបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ដទៀត។
បើតាមសម្ដេច ស ខេង គម្រោងផែនការនៃការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវបានគណបក្សនយោបាយមួយរៀបចំជាប្រព័ន្ធដោយមានការជ្រោមជ្រែង ឧបត្ថម្ភគាំទ្រពីខាងក្រៅ ហើយបានអនុវត្តក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ តែមិនបានសម្រេចហើយគម្រោងផែនការនេះ នៅតែត្រូវបានបន្ដ ចិញ្ចឹមជាប់ជាប្រចាំសម្រាប់អនុវត្តពេលកាលៈទេសៈ អំណោយផលសមស្របណាមួយ ប្រសិនបើយើងមិនបានចាត់វិធានការបានទាន់ពេលវេលាទេនោះ។
សម្ដេចបានសង្កត់ធ្ងន់បន្ថែមថា ដើម្បីបន្ដថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសម្រាប់ជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសជាតិរយៈពេលវែងជាបន្ដទៀត កម្ពុជាបានចាត់វិធានការស្របតាមវិធាននៃនីតិរដ្ឋ ដើម្បីរំលាយនូវអង្គការចាត់តាំងនយោបាយ ដែលបានរៀបចំបដិវត្តន៍ពណ៌៕