យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៦៨០គ្រឿង និងផាកពិន័យ២៣៣គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧១៨គ្រឿង
25-01-2018 18:41
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,០៥១គ្រឿង រកឃើញល្មើសច្បាប់៦៨០គ្រឿង (ម៉ូតូ៨២ភាគរយ) អប់រំ៤៤៧គ្រឿង និងផាកពិន័យ២៣៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,២២៥គ្រឿង អប់រំ៣០៨គ្រឿង និងផាកពិន័យចំនួន២៤១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧១៨គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២៨,៤៩០គ្រឿង រកឃើញយានយន្តល្មើស ២១,៩៥៧គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ៨,២៦៧គ្រឿង និងផាកពិន័យ ១៣,៦៩០គ្រឿង (ម៉ូតូ៩៤ភាគរយ)៕