(ភ្នំពេញ)៖ រយៈពេលពេញមួយឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបង់ ចូលថវិកាជាតិបានជិត២ពាន់លានដុល្លារអាមេរិក។
លទ្ធផលនៃការប្រមូលចំណូលពន្ធនៅឆ្នាំ២០១៧នេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៧ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្រោអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «សម្រាប់រយៈពេលពេញមួយឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន សរុបចំនួន ៧,៧៥៤.៨១ ពាន់លានរៀល (ប្រមាណជា១,៩៣៨.៧១ លានដុល្លារអាមេរិក) ស្មើនឹង១១៣% នៃផែនការ និងបានបំពេញបែបបទសលាកបត្របង់ចូលថវិកាជាតិបានចំនួន ៧,៦៨៦.៨៦ ពាន់លានរៀល (ប្រមាណ១,៩២១.៧១លានដុល្លារអាមេរិក) ស្មើនឹង១១២% នៃផែនការ។ ប្រសិនបើធៀបនឹងឆ្នាំ២០១៦ ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១,៦៧៦.៣៦ ពាន់លានរៀល (ប្រមាណ៤១៩.០៩ លានដុល្លារ) ស្មើនឹង២៧.៨៩%»។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានសម្តែងនូវការគាំទ្រ និងឯកភាពទាំងស្រុងចំពោះវិធានការនានា ដែលបានដាក់ចេញដោយ លោក គង់ វិបុល ក្នុងន័យបង្កើនផលិតភាព ក៏ដូចជាប្រសិទ្ធភាពការងារ ប្រមូលចំណូលពន្ធ ព្រមទាំងជំរុញឲ្យបន្តអនុវត្តនូវផែនការសកម្មភាព និងកម្មវិធីកែទម្រង់ ក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ជាពិសេសពិនិត្យកែប្រែលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីអនុវត្តប្រកបដោយសង្គតិភាព និងដោយរលូនពាក់ព័ន្ធ និងការកែសម្រួលមួយចំនួន ដូចមានចែងក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដល់អគ្គនាយកដ្ឋានពន្ធដារដូចខាងក្រោម៖
ទី១៖ បន្តពង្រឹងនិងធ្វើឱ្យប្រសើរឡើង នូវការងារសវនកម្មសហគ្រាស ដែលជាមុខងារស្នូលមួយ ក្នុងចំណោមមុខងារស្នូលទាំង៥ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការជួយពង្រឹងនូវអនុលោមភាពសារពើពន្ធ ក៏ដូចជាជួយពង្រឹង នូវការប្រកួតប្រជែងដ៏ស្មើរភាព ក្នុងចំណោមអ្នកជាប់ពន្ធទាំងអស់។
ទី២៖ បន្តពង្រឹង និងធ្វើឱ្យប្រសើរឡើងថែមទៀត ចំពោះយន្តការបង្វិលសងអាករលើតម្លៃបន្ថែម។
ទី៣៖ ជំរុញបញ្ចប់ការរៀបចំនូវអនុក្រឹត្យ ខណៈច្បាប់ស្តីពីប្រតិបត្តិការ លើប្រេងកាតនិងធនធានរ៉ែបានអនុវត្ត តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ថ្មីៗនេះ។
ទី៤៖ បន្តរៀបចំបញ្ចប់នូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមដំណាក់កាលទី២ បន្តពីយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ ដែលនឹងត្រូវបញ្ចប់នាឆ្នាំ២០១៨ នេះ។
ទី៥៖ បន្តពង្រឹងការអប់រំជូនអ្នកជាប់ពន្ធ និងលើកកម្ពស់ការយល់ដឹង អំពីពន្ធក្នុងចំណោមអ្នកជាប់ពន្ធបន្ថែមទៀត
ក្នុងកិច្ចប្រជុំដ៏មានតម្លៃនោះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះ គឺជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបាននូវលទ្ធផល នៃការប្រមូលចំណូលពន្ធសម្រេចបានផ្លែផ្កាយ៉ាងត្រចេះត្រចង់។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្លល់ការណែនាំបន្ថែមដល់គ្រប់អង្គភាព អោយបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ អោយអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមាឬមិនអោយអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕