(ថៃ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ (21st Meeting of ASEAN Tourism Ministers) បានបញ្ចប់ប្រកបដោយជោគជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ស្របនឹងវេទិកាទេសចរណ៍អាស៊ាន ២០១៨ ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំង១០។

ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមខាងលើនេះ មានដូចតទៅ (បកប្រែក្រៅផ្លូវការ)៖

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកត់សម្គាល់អំពីដំណើរការវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៦ (ATSP 2016-2025) ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងបានអនុម័តផែនការការងាររយៈពេល២ឆ្នាំ ២០១៨-២០១៩ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ព្រមទាំងបានកោតសរសើរចំពោះប្រទេសអាស៊ាននាំមុខក្នុងការរៀបចំអភិវឌ្ឍស្តង់ដាទេសចរណ៍អាស៊ាន។

កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖

១៖ ពង្រីកវិសាលភាពកម្មវិធីផ្សព្វផ្សាយទីផ្សារទេសចរណ៍ក្នុងតំបន់អាស៊ាន និងកម្មវិធីទស្សនាអាស៊ាន ៥០ឆ្នាំ Visit ASEAN@50។ លើសពីនេះទៀត កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសរសើរ និងអរគុណចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ, AirAsia, Master Card, TTG, ASEANTA និង Go ASEAN ដែលបានជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ ក្នុងតំបន់អាស៊ាន និងការផ្សព្វផ្សាយអំពីការតភ្ជាប់ ក្នុងតំបន់អាស៊ាន។

២៖ អនុម័តសេចក្តីប្តកាសអាស៊ាន ស្តីពីទេសចរណ៍តាមនាវា ជំរុញឲ្យប្រទេសសមាជិកអាស៊ានតភ្ជាប់ទេសចរណ៍តាមនាវា ពិសេសត្រូវមានគោលនយោបាយ បទដ្ឋានគតិយុត្ត ហើយអនុវត្តឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍធុរកិច្ច និងការកសាងសមត្ថភាព លើសពីនេះទៀត ត្រូវបន្ថែមសកម្មភាពទូកក្តោង និងជីវសាស្ត្រក្រោមទឹក។

៣៖ បានជំរុញលើតម្រូវការនៃការអភិវឌ្ឍផលិតផលទេសចរណ៍ តាមរយៈការរៀបចំឲ្យមានកិច្ចសហការជាមួយដៃគូនានា និងជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងតំបន់អាស៊ាន ដែលក្នុងអាស៊ានមានជាង១៣០ ផលិតផលទេសចរណ៍ប្រកបដោយពិពិធភាព ពិសេសត្រូវជំរុញឲ្យមានទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)។

៤៖ បានជំរុញវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍ ហើយគាំទ្រ និងឯកភាពក្នុងការចូលរួមក្នុងសិក្ខាសសាលា ស្តីពីការជំរុញវិនិយោគទុននៅប្រទេសអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េ) ចាប់ពីឆ្នាំ២០១៨-២០២០។

៥៖ ជំរុញការអនុវត្តទេសចរណ៍ដើម្បីទាំងអស់គ្នា ហើយបានលើកទឹកចិត្តរដ្ឋប្រទេសសមាជិកអាស៊ាន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសម្បទាទេសចរណ៍សម្រាប់ជនពិការ។

៦៖ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននឹងប្រគល់ជ័យលាភី រួមមាន៖ សណ្ឋាគាបៃតងអាស៊ានចំនួន៤៧ អាស៊ាន MICE ចំនួន៤៧ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន២៣ និងទេសចរណ៍ប្រកបដោយចីរភាពចំនួន១៧។

៧៖ ជំរុញគុណភាពនៃអ្នកជំនាញទេសចរណ៍ ដោយបានបញ្ចប់២៤២ Toolboxes ក្រោមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងជនបង្គោលវាយតម្លៃតាមផ្នែក ហើយបានអនុម័តឲ្យមានការសិក្សាលើផែនការសកម្មភាព ៥ឆ្នាំ ហើកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក នៃអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២០-២១ ក្នុងខែមិថុនា ឆ្នាំ២០១៨។ ស្របជាមួយគ្នានេះដែរ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយឧបត្ថម្ភគាំទ្រកន្លងមក។

៨៖ ជំរុញការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួលផែនការដឹកជញ្ជូនអ្នកដំណើរឆ្លងដែនតាមរថយន្ត សំដៅជំរុញការតភ្ជាប់ដោយប្រើប្រាស់រថយន្តក្រុង និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ពិសេសការធ្វើដំណើរតាមរថយន្ត លើសពីនេះទៀត កត់សម្គាល់លើការអភិវឌ្ឍផែនការសិក្សា ស្តីពីការជំរុញការបើកបរឆ្លងដែនក្នុងដំណើរទេសចរណ៍ (Overland Tourism Access) តាមច្រករបៀងទេសចរណ៍ធំៗ និងតាមរយៈការទទួលស្គាល់ប័ណ្ណបើកបរក្នុងស្រុក ដែលចេញដោយប្រទេសសមាជិកអាស៊ាន៕