(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាឱ្យ អង្គភាពអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិភាក្សាគ្នាដើម្បីឈានទៅដល់ការត្រួតពិនិត្យ និងចាត់ចែងវិធានការតាមច្បាប់ ចំពោះការប្រើប្រាស់យានយន្តស្លាកលេខខ.ម ដោយខុសច្បាប់។
ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា ករណីប្រើប្រាស់យានយន្ត ស្លាកលេខខេមរភូមិន្ទ (ខ.ម) សម្រាប់ជាមធ្យោបាយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាថ្មី ដែលបង្កឡើងដោយជនស៊ីវិលធម្មតា និងជនបរទេសថែមទៀតផង។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំង កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ(២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្លាកលេខខ.ម មិនត្រូវបំពាក់លើមធ្យោបាយដែលមិនបង់ពន្ធជូនរដ្ឋទេ គឺត្រូវមានពន្ធទាំងអស់។ រថយន្តគ្រប់ប្រភេទ ត្រូវគ្រប់គ្រងដោយអង្គភាព រថយន្តពាក់ស្លាកលេខខ.ម មិនអនុញ្ញាតឱ្យបុគ្គលផ្សេងប្រើប្រាស់ ក្រៅពីអង្គភាពនិងម្ចាស់រថយន្តនោះឡើយ»។
សម្តេចបានបន្តទៀតថា៖ «កន្លងមក កងយោធពលខេមរភូមិន្ទ តែងតែទទួល ការរិះគន់ពីមតិសាធារណជនជាតិ អន្តរជាតិថា មានបរទេស ឬជនស៊ីវិល ឆ្លៀតឱកាស យករថយន្តស្លាកលេខខ.ម ទៅប្រើប្រាស់ ជាមធ្យោបាយខុសច្បាប់។ ចំពោះករណីនេះ ខ្ញុំសូមប្រគល់ភារកិច្ចជូន អគ្គនាយកសម្ភារៈបច្ចេកទេស សហការជាមួយកងរាជអាវុធហត្ថ ពិភាក្សាគ្នាដើម្បីរិះរកនីតិវិធីចាត់ចែង ការងារនេះឱ្យមានប្រសិទ្ធភាព»។
បើតាមសម្តេចពិជ័យសេនា, ជាគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ យានយន្តដែលអាចបំពាក់ស្លាកលេខខេមរភូមិន្ទបាន គឺមាន៤ប្រភេទរួមមាន៖
* មធ្យោបាយគ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិបំពាក់ជូន
* មធ្យោបាយគ្រប់ប្រភេទ ដែលអង្គភាពទទួលបានពីដៃគូអភិវឌ្ឍយោធា និងសប្បុរសជននានាជួយឧបត្ថម្ភ ដែលស្នើសុំជាបន្ទុករដ្ឋ ហើយរដ្ឋជាអ្នកបង់ពន្ធ
* មធ្យោបាយរបស់បុគ្គលផ្ទាល់ខ្លួន និងទិញសម្រាប់បម្រើការងារប្រចាំថ្ងៃ ហើយស្ម័គ្រចិត្តដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ
*និង រថយន្តផ្ទាល់ខ្លួន ដែលស្នើសុំបំពាក់ស្លាកលេខខ.ម សម្រាប់បម្រើការងារប្រចាំថ្ងៃជាដើម៕