(ឈៀងម៉ៃ)៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ ក្រោមប្រធានបទ «និរន្តរភាពការតភ្ជាប់អាស៊ាន វិបុលភាពគ្មានព្រំដែន» «ASEAN Sustainable Connectivity, Boundless Prosperity» បានប្រារព្វពិធីបើកជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រតិភូទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍អាស៊ាន សរុបប្រមាណជាង ១០០០នាក់។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ (21st Meeting of ASEAN Tourism Ministers) បានបញ្ចប់ប្រកបដោយជោគជ័យ ដោយក្នុងឆ្នាំ២០១៧ អាស៊ានទទួលបានទេសចរអន្តរជាតិចំនួន១២៥លាននាក់ ក្នុងកំណើន៨.៤% ក្នុងនោះការធ្វើដំណើរផ្ទៃក្នុងអាស៊ាន មាន៤២% នៃទេសចរអន្តរជាតិសរុប។

ជាមួយនឹងការសម្រេចបានកំណើននៃការមកដល់របស់ទេសចរអន្តរជាតិគួរជាទីមោទនៈ អាស៊ានក៏ទទួលបានកំណើននៃរយៈពេលស្នាក់នៅមធ្យមរបស់ទេសចរអន្តរជាតិ (Average length of stay) ដែលកើនដល់ប្រមាណ៧.៩៨ថ្ងៃ ហើយចំណូលពីវិស័យទេសចរណ៍អាស៊ានកើនដល់ប្រមាណ ៩៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនេះក៏មានកិច្ចពិភាក្សាជាមួយដៃគូសន្ទនាសំខាន់ៗ ដូចជា UNWTO, WTTC, ACC, AJC, AKC, PATA, ASEANTA, ATRA, US-ABC។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានធ្វើការប្រជុំពិនិត្យសម្រេចលើចំណុចសំខាន់ៗមួយចំនួន៖
* ពិនិត្យបច្ចុប្បន្នភាពនៃការរីកចំរើនវិស័យទេសចរណ៍ក្នុងតំបន់
* ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥
* ពិនិត្យ និងវាយតម្លៃសកម្មភាពយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន Visit ASEAN@50 

* ពិនិត្យការអនុវត្តស្តង់ដាគុណភាពទេសចរណ៍អាស៊ាន

* ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។

នាឱកាសកិច្ចប្រជុំនេះលោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជម្រុញលំហូរទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN travellers) ឲ្យមានកំណើនជាប់ជាប្រចាំ ដែលជាកត្តាកំណត់ដ៏សំខាន់នៃកំណើនទេសចរណ៍អាស៊ាន។

លោករដ្ឋមន្រ្តីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជម្រុញការផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌយុទ្ឋនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន Visit ASEAN@50 នៅក្នុងពិធីបុណ្យសមុទ្រ ពិធីបុណ្យទន្លេ និងពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៧ (CTM 2017) និងបានអញ្ជើញប្រទេសសមាជិកអាស៊ានចូលរួមក្នុង «ពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨» ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “សន្និសីទអន្តរជាតិលើកទី២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន” (The 2nd International Conference of MRA) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានចេញសេចក្តីប្រកាសរួមដោយផ្តោតលើ៖

១៖ ការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥
២៖ ការពង្រីកកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន (បន្ទាប់ពីជោគជ័យនៃយុទ្ឋនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន អបអរសាទរខួបទី៥០ឆ្នាំនៃការបង្កើតអាស៊ាន Visit ASEAN@50)
៣៖ សេចក្តីប្រកាសរួមស្តីពីទេសចរណ៍តាមនាវា (Joint Declaration on Cruise Tourism)
៤៖ ការអភិវឌ្ឍផលិតផលទេសចរណ៍អាស៊ាន ពិសេសការរៀបចំខ្សែទស្សនកិច្ចរួមគ្នា និងការដាក់ចេញ សេចក្តីប្រកាសរួមស្តីពីទេសចរណ៍ម្ហូបអាហារ (Joint Declaration on Gastronomy Tourism)
៥៖ ការជម្រុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបកំណើននៃវិស័យទេសចរណ៍
៦៖ ការជម្រុញ «ទេសចរណ៍សម្រាប់ទាំងអស់គ្នា» (Tourism for All) ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្បទា ផលិតផល និងសេវាទេសចរណ៍ សម្រាប់ជនពិការ ទេសចរវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ និងកុមារ
៧៖ ស្តង់ដាគុណភាពទេសចរណ៍
៨៖ ការពង្រឹងគុណភាពអ្នកជំនាញទេសចរណ៍អាស៊ាន
៩៖ ការពង្រឹងការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ។

ព្រមជាមួយនឹងកិច្ចប្រជុំនេះ ពិព័រណ៌ទេសចរណ៍អន្តរជាតិ TRAVEX ក៏ត្រូវបានបើកផងដែរ ដោយមានស្តង់ពិព័រណ៌ចំនួន ១១៨ស្តង់ ក្នុងនោះមានអ្នកលក់ (Sellers) ចំនួន៦៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន២៤០ ក្រុមហ៊ុន មកពី៥២ប្រទេស និងប្រព័ន្ធផ្សព្វផ្សាយ (Media) ចំនួន១៥០ មកពី ២៨ ប្រទេស។

នៅថ្ងៃស្អែកនឹងបន្តកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា និងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន រួមមាន រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City Awards) រង្វាន់សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Awards) រង្វាន់បន្ទប់ប្រជុំអាស៊ាន (ប្រភេទក្នុងសណ្ឋាគារ) (ASEAN MICE Venue Awards) និងរង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Awards)៕