(ភ្នំពេញ)៖ ក្រោយទទួលបានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនជាច្រើននៅក្នុងប្រទេសកម្ពុជា សម្រាប់ការបោះពុម្ភផ្សាយលើកទី១ កាលពីខែសីហា ឆ្នាំ២០១៧នោះ សៀវភៅ «តើត្រូវសរសេរព័ត៌មានដោយរបៀបណា» ដែលបង្ហាញអំពីរបៀបសរសេរព័ត៌មាន ដែលនិពន្ធដោយ លោក ម៉ា យ៉ារិទ្ធ អ្នកសារព័ត៌មានជើងចាស់ ដែលធ្លាប់ទទួលបានរហ័សនាម «អាត់ជួង» ត្រូវបានបោះពុម្ភជាលើកទី២ទៀត នៅក្នុងខែមករា ឆ្នាំ២០១៨នេះ។
លោក សោម សត្តនា ហៅ ម៉ា យ៉ារិទ្ធ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលបច្ចុប្បន្នជាប្រធានកម្មវិធីទូរទស្សន៍អប្សរាណិត បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការបោះពុម្ភលើកទី២ «តើត្រូវសរសេរព័ត៌មានដោយរបៀបណា»នេះ មានបញ្ចូលខ្លឹមសារ និងតាកតិចសរសេរព័ត៌មានច្រើន ជាងការបោះពុម្ភលើកដំបូង។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នេះគឺជាការបោះពុម្ពលើកទី២ នៃសៀវភៅកាសែតដែលបានបញ្ចូលខ្លឹមសារ នៃរបៀបការសរសេរព័ត៌មាន ទាំងដំណឹងក្តៅ អត្ថបទអង្កេតស្រាវជ្រាវ និងអត្ថបទយកការណ៍។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញឱ្យអ្នកកាសែត ត្រូវសិក្សា អំពីការសរសេរដោយវិជ្ជាជីវៈ ទើបជាវិធី ដែលអាចក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងការពិតរបស់សង្គម»។
លោកមានក្តីរំពឹងថា សៀវភៅនេះនឹងអាចជួយដល់អ្នកកាសែតវ័យក្មេងជំនាន់ក្រោយ ដើម្បីការស្វែងយល់ និងចង់ក្លាយជាអ្នកកាសែតដ៏ពិតប្រាកដ៕