(ភ្នំពេញ)៖ លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋទួកគីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា នាពេលខាងមុខនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវកា រនៅសាធារណរដ្ឋទួកគី ហើយអំឡុងទស្សនកិច្ចនេះ នឹងមានឯកសារជាច្រើន ដែលត្រូវចុះហត្ថលេខារវាងប្រទេសទាំងពីរ។
ការថ្លែងបែបនេះ របស់លោកអគ្គរដ្ឋទូតនៃប្រទេសតួកគី បានធ្វើឡើងនាគ្រាដែលលោក និងគណៈប្រតិភូ អញ្ជើញជួបពិភាក្សាការងារ ជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News នារសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
ឯកអគ្គររដ្ឋទូតរូបនេះ បានបន្ថែមថា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋទួកគី សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើន រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបើកផ្លូវដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងខ្លាថែមទៀត ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ។
លោក Ilhan Kemal Tug បានសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងត្រូវលើកម្ពស់ផងដែរ តាមរយៈការបង្កើនសកម្មភាព និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ក្រុមមិត្តភាពនៃសភាប្រទេសទាំងពីរទៅវិញទៅមក៕