(ភ្នំពេញ)៖ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ លោកបានបញ្ចប់ការសួរនាំលើជនសង្ស័យ និងចាត់ការលើសំណុំរឿងពាក់ព័ន្ធ ការវេចខ្ចប់ ស្តុក និងការចែកចាយប៊ីចេងសញ្ញាវែង ដែលក្លាយបន្លំម៉ាកក្រុមហ៊ុនដើម ដោយធ្វើការចោទប្រកាន់ជាផ្លូវការ រួចបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តទៀត។
លោក លី សុផាណា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ទី១៖ ឈ្មោះ អ៊ឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំ ត្រូវចោទពីបទ «វេចខ្ចប់ ស្តុក និងចែកចាយទំនិញក្លែងបន្លំម៉ាក» ប្រព្រឹត្តនៅផ្ទះលេខ២៣A ផ្លូវលេខ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១១ មាត្រា២៤ និងមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។ ទី២៖ អ្នកគ្រប់គ្រងអាជិវកម្មនៅផ្ទះលេខ១០A ផ្លូវលេខ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវចោទពីបទ «វេចខ្ចប់ ស្តុក និងចែកចាយទំនិញក្លែងបន្លំម៉ាក» កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១១ មាត្រា២៤ និងមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។ ទី៣៖ ម្ចាស់ទីតាំងផ្ទះលេខ១៤B ផ្លូវលេខ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវចោទពីបទ «លក់ទំនិញក្លែងបន្លំម៉ាក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១១ និងមាត្រា៦៦ កថាខណ្ឌ២ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់»។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសម្រេចបញ្ជូនខ្លួនម្ចាស់ទីតាំង ដែលរងបណ្ដឹងរំលោភកម្មសិទ្ធបញ្ញារបស់ ក្រុមហ៊ុនប៊ីចេងរូបវែក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្រោមការដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបន្តរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយរឹបអូសពី២ទីតាំងជាង៣,៥តោន។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនពេលឈានដល់ការ ចុះប្រតិបត្តិការ ទីតាំងទាំងអស់នេះ គឺខាងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ ក្រុមហ៊ុន ប៊ីចេង នៅប្រទេសថៃមានឈ្មោះថា thai fermentation industry co.ltd ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនដើម បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយជាច្រើនទីតាំង កំពុងប្រព្រឹត្ត លួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត។
បើតាមលោកឧត្តមសេនីយ៍ ការចុះបង្ក្រាបនៅកន្លែងវេចខ្ចប់ ស្តុក និងចែកចាយប៊ីចេងក្លែងក្លាយសញ្ញាវែកត្រូវបាន ធ្វើឡើងនៅ ចំនួន៣ទីតាំងរួមមាន៖
ទីតាំងទី១៖ ស្ថិតនៅចំណុចផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយដកហូតប៊ីចេងចំនួន៥៣បេ ស្មើនឹង 1.364kgs,ប៊ីចេង មិនទាន់វេចខ្ចប់ ចំនួន៧៦បេ ស្មើនឹង 1.898kgs, សំបកវេចខ្ចប់ទំងន់ 99kgs, ម៉ាស៊ីនអ៊ុតមាត់ថង់០១គ្រឿង និងម៉ាស៊ីនវេចខ្ចប់០១គ្រឿង។
ទីតាំងទី២៖ ស្ថិតនៅចំណុចផ្ទះ១៤បេ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០ កញ្ចប់តូច ស្មើនឹង 275 kgs និងសំបកខ្ចប់មួយចំនួនទៀត។ ទីតាំងទី១និងទី២ ប៊ីចេងក្លែងក្លាយមានទំងន់សរុបចំនួន 3.537kgs។
ទីតាំងទី៣៖ ស្ថិតចំណុចផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តែមិនដឹងលទ្ធផលនៅឡើយទេ៕