(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ជនសង្ស័យឈ្មោះ លឹម ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកត់កន្ទុយលេខស្នាក់នៅផ្ទះលេខ៩២AEo ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងស្ថិតក្រោមការសាកសួរលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «បើកល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខឆ្នោតវៀតណាម)»។

សំណុំរឿងនេះនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ប្រសិនបើតំណាងអយ្យការសម្រេចចោទ តាមកំណត់ត្រារបស់សមត្ថកិច្ចនគបាលខណ្ឌទួលគោក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រោមកិច្ចសម្របសម្រួលពីលោក ឡុង ជាប កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះទៅបង្ក្រាបល្បែងកន្ទុយ លេខដ៏ធំនេះ នៅចំណុចផ្ទះលេខ៩២AEo ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពេលចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យកមាន៖ ប្រាក់រៀលចំនួន៩៩៥.០០០រៀល, ម៉ាស៊ីនព្រីនម៉ាក HP ពណ៌ខ្មៅ ចំនួន០១គ្រឿង, ក្រដាសចេញលទ្ធផលឆ្នោតវៀតណាម និងក្រដាសកត់ឆ្នោតកត់រួចមួយចំនួន, វិញ្ញាបនប័ត្របញ្ជាក់ផ្ដល់សិទ្ធិលក់ឆ្នោតខ្មែររបស់ឈ្មោះ លឹម ធារី ចំនួន០១សន្លឹក ទូរស័ព្ទចំនួន០២គ្រឿង និងក្ដារសំរាប់សរសេរលទ្ធផលឆ្នោតខ្មែរចំនួន០៣ផ្ទាំង៕