(កំពង់ធំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកជាថ្មីថា ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីសុខទៅបាន លុះត្រាតែមន្ត្រីរាជការទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន ៣៥០នាក់។
សម្តេចក្រឡាហោមថ្លែងយ៉ាងដូច្នេះថា «ភាពដែលអាទទួលបានលទ្ធិប្រជាធិបតេយ្យនេះទៅបាន លុះត្រាតែថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ព្យាយាមធ្វើការអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងគោលបំណងជាអ្នកផ្តល់នូវសេវា ហើយប្រជាពលរដ្ឋ គឺជាម្ចាស់នៃសេវា ទាំងការផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់»។
សម្ដេច ស ខេង បានបន្តថា សេវាទាំងអស់នោះរួមមាន ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមមានកិច្ចសហការរវាងលោកមេភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាល និងរដ្ឋបាលឃុំ-សង្កាត់ផងដែរ។
សម្តេចបានជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមការធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដែលទទួលបានដំណើរការល្អ សមស្របទៅតាមស្ថានភាពរបស់ប្រទេសជាតិបច្ចុប្បន្ន និងមានការគាំទ្រពីមន្ត្រីរាជការ ដែលធ្វើការកែទម្រង់ស៊ីជម្រៅទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ អាចរក្សាកំណើនបាន៧%ក្នុងមួយឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង ក៏មិនភ្លេចណែនាំដល់មន្ត្រីក្នុងរដ្ឋបាលខេត្តកំពង់ធំ ត្រូវយកមកធ្វើបន្តទៀតនៅឆ្នាំថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនឲ្យអស់ចប់សព្វគ្រប់ ក្នុងឆ្នាំ២០១៨នេះ។ ម្យ៉ាងទៀត មន្ត្រីរាជការទំាងអស់ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ត្រូវពង្រឹងគណៈបញ្ជាការឯកភាពឲ្យបានល្អ ពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវលើកទឹកចិត្តប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងប្រជាការពារ ត្រូវមានការសហការគ្នាធ្វើការងារ និងចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រដ្ឋបាលខេត្តបានរៀបចំកែលម្អសោភណ្ឌភាពក្រុងស្ទឹងសែន ពង្រឹងយន្តការច្រកចេញចូលតែមួយ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពង្រឹងការ អនុវត្តអភិបាលកិច្ចល្អ និងការធ្វើឲ្យប្រសើរទ្បើងនូវប្រសិទ្ធភាពការងារ សំដៅកាត់បន្ថយភាព អសកម្មនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខុមាលភាព វិបុលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ហើយរាល់ចំណុចអសកម្ម និងនៅសេសសល់នឹងត្រូវដាក់ ក្នុងផែនការទិសដៅក្នុង២០១៨ ព្រមទាំងអនុវត្តន៍ឲ្យបានល្អប្រសើរនៅ ក្នុងឆ្នាំ២០១៨ នេះជាដាច់ខាត៕