(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបន្តយុទ្ធនាការចែកមួកសុវត្ថិភាពចំនួន៤០០មួក ដល់ប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។
ក្នុងឱកាសចុះចែកមួកនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំដល់ប្រជាពលរដ្ឋ មិនត្រូវយកមួកទៅលក់ តែត្រូវយកទៅពាក់ ដើម្បីការពារសុវត្ថិភាព ព្រមទាំងត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមចំណែកការកាត់បន្ថយនូវអាត្រា នៃការស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរ ជាឃាតកលាក់មុខ។
លោក ចេង មុនីរ៉ា បានរម្លឹកថា កាលពីអតីតកាលឃាតករដែលសាហាវ ហើយសម្លាប់មនុស្សដោយមិនប្រើអាវុធ គឺមេរោគអេដស៍ តែបច្ចុប្បន្នរាជរដ្ឋាភិបាលបានទប់ស្កាត់បញ្ហានេះបានយ៉ាងល្អ។ លោកបានបន្តថា អ្វីដែលគួរឲ្យបារម្មណ៍ខ្លាំងបំផុតនៅពេលនេះ គឺបញ្ហាគ្រោះថា្នក់ចរាចរណ៍ ដែលបានសម្លាប់មនុស្ស ជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ក៏១០នាក់ដែរ។
លោក ចេង មុនីរ៉ា បានសំណូមពរថា ចាប់ពីពេលនេះតទៅ សូមឲ្យមន្ត្រីខណ្ឌ ក៏ដូចជាមន្ត្រីអាជ្ញាធរសង្កាត់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក យ៉ាងច្បាស់ហើយថា សម្រាប់មន្ត្រីគួរតែប្ដូរឥរិយាបទចេញហើយមកឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងចុងក្រោយ គឺវះកាត់តែម្ដង។
លោក ចេង មុនីរ៉ា បានលើកឡើងថា វិស័យឯកជនមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលបច្ចុប្បន្នកំពុងបន្តចូលរួមអនុវត្តច្បាប់ចរាចរផ្លូវគោក គឺដើម្បីកាត់បន្ថយអាត្រា នៃការស្លាប់ដោយសារឃាតករលាក់មុខ។
សូមបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ផ្តើមចែកមួកសុវត្ថិភាពចំនួន១ម៉ឺនមួក ក្នុងខណ្ឌចំនួន៨ នៅក្រុងភ្នំពេញ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
សម្រាប់ខណ្ឌដែលត្រូវចែកជូនរួមមានដូចខាងក្រោមនេះ៖
ទី១៖ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំងជិតអង្គភាពថ្មើរជើងលេខ70 ខាងមុខបូរី ធូ លន
ទី២៖ ខណ្ឌមានជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលទីតាំង តាមបណ្តោយផ្លូវចំការដូង ចំងាយ១ពាន់ម៉ែត្រ ពីច្រមុះជ្រូក ស្ទឹងមានជ័យ
ទី៣៖ ខណ្ឌព្រែកភ្នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខលាសាខណ្ឌព្រែកភ្នៅ
ទី៤៖ ខណ្ឌឫស្សីកែវ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទីតាំង មុខសាលាខណ្ឌឬស្សីកែវ
ទី៥៖ ខណ្ឌសែនសុខ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខសាលាខណ្ឌសែនសុខ
ទី៦៖ ខណ្ឌដង្កោ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខសាលាខណ្ឌដង្កោ
ទី៧៖ ខណ្ឌច្បារអំពៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទីតាំង មុខសាលាខណ្ឌច្បារអំពៅ
ទី៨៖ ខណ្ឌជ្រោយចង្វារ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលទីតាំង មុខសាលាខណ្ឌជ្រោយចង្វារ៕