(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា, គណៈប្រតិភូមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ (SFD) ដឹកនាំដោយ លោកវិស្វករ យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម ជាអគ្គនាយកមូលនិធិ បានមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ គណៈប្រតិភូ SFD បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧកញ៉ា អូស្មាន ហាស្សាន់ នៅវិមានសន្តិភាព។
តាមការបញ្ជាក់របស់ លោកវិស្វករ យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម SFD បង្កើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧៤ ហើយដំណើការថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៧៥ ដែលផ្ដើមថវិកា៣១ពាន់លានរីយ៉ាល ប្រមាណជាង៨ពាន់លានដុល្លារ។ លោកបញ្ជាក់ទៀតថា មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងរួមចំណែក ផ្តល់ជំនួយហិរញ្ញប្បទានគម្រោងអភិវឌ្ឈន៍ នៅតាមប្រទេសកំពុងអភិវឌ្ឈន៍ តាមរយៈជំនួយកម្ចី ជំនួយបច្ចេកទេស ដែលមកដល់បច្ចុប្បន្ន SFD បានផ្ដល់ ថវិកា៥១,៤៤៥.៦៩លានរីយ៉ាល ប្រមាណជាង១៣ពាន់លានដុល្លារ នៅ៨២ប្រទេស មាន៦០៩គំរោង ក្នុងនេះមាននៅអាស៊ី២៩ប្រទេស ដែលមាន ប្រទេសអាស៊ាន៦ ប្រមាណជាង៥៧៧លានដុល្លារ រួមមាន ឥណ្ឌូណេស៊ីជាង២៩៧លានដុល្លារ, វៀតណាមជាង១១៣លានដុល្លារ, ម៉ាឡេស៊ីស្មើនឹងជាង ១០០លានដុល្លារ, ប្រទេសថៃជាង ៤៦លានដុល្លារ, ហ្វីលីពីនជាង២០លានដុល្លារ និងមីយ៉ាន់ម៉ា ជាង៨០ម៉ឺនដុល្លារ។
លោកអគ្គនាយក SFD បានចាត់ទុកកម្ពុជា គឺជាប្រទេសគោលដៅលេខរៀងទី៨៣ ក្នុងបេសកកម្មផ្តល់ជំនួយហិរញ្ញប្បទាន ដែលគោលការណ៍ចម្បងគឺ SFD ផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន សំណង់អាគារផ្សេងៗ និងបរិក្ខាប្រើប្រាស់ចាំបាច់ នៃវិស័យនានា។ លោកផ្តាំផ្ញើគារវកិច្ច សួរសុខទុក្ខ ដល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានបញ្ជាក់ពីគោលជំហរបស់រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ដើម្បីសិក្សាពីគម្រោងចាំបាច់មួយចំនួន និងពិនិត្យលទ្ធភាពផ្តល់ជំនួយ ហិរញ្ញប្បទានដល់ភាគីកម្ពុជា ក្រៅពីលោកទទួលជួបដោយផ្ទាល់ នៅវិមានសន្តិភាព លោកក៏បានរៀបចំឲ្យមានជំនួបពិភាក្សាការងារ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ មួយចំនួន រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងធម្មការ និងសាសនា, ក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះដែរក៏មានរៀបចំឲ្យមានជំនួប នៅមូលនិធិអភិវឌ្ន៍មុស្លិមកម្ពុជា ដើម្បីពិនិត្យលទ្ធភាព ដែលអាចផ្តល់ជំនួយផ្នែកណាមួយ ជូនសហគមន៍ខ្មែរឥស្លាមផងដែរ។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងបំពេញបេសកកម្មផ្លូវការ នៅសាធារណៈរដ្ឋឥណ្ឌា។
បន្ថែមពីនេះ លោកឧកញ៉ា បានថ្លែងការកោតសរសើរដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ ជាមួយបណ្តាថ្នាក់ដឹកនាំក្រសួង នៃប្រទេសកម្ពុជា ដែលនេះគឺការបោះជំហានទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី ឲ្យកាន់តែរឹងមាំ និងយូរអង្វែងបន្តទៀត៕