(ជប៉ុន)៖ គណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ហង់ ពៅ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១-២៧ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកជួសជុល និងអភិរក្សបេតិកភណ្ឌក្នុងតំបន់អង្គរ។
ក្នុងដំណើរទសន្សនកិច្ចផ្លូវការនេះ លោក ហង់ ពៅ និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាច្រើនរូបតាមស្ថាប័ននានា ដូចជា លោក តូស៊ីអាគី កូសូ សកលវិទ្យាធិការនៃសកលវិទ្យាល័យសូហ្វីយ៉ា (ជប៉ុន) លោក យូស៊ីអាគី អ៊ីហ្ស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា លោក តូម៉ូយូគី សាគូរ៉ៃ អនុប្រធានមូលនិធិជប៉ុន និងលោក ហាម៉ាដា យ៉ាស នាយករងទីភ្នាក់ងារវប្បធម៌ជប៉ុន។
គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យសូហ្វីយ៉ា និងមូលនិធិជប៉ុនទាំងអស់នេះ សុទ្ធតែបានចូលរួមចំណែកដ៏ធំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាគ្រប់វិស័យ ពិសេសលើវិស័យបេតិកភណ្ឌ ហើយក៏មានកិច្ចសហប្រតិបត្តិការជួសជុលបុរាណដ្ឋានជាច្រើន នៅក្នុងឧទ្យានអង្គរផងដែរ។
ជាមួយគ្នានោះ គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមពិធីបើកពិព័រណ៍រូបថត ស្តីពីសកម្មភាពជួសជុល និងអភិរក្សប្រាសាទនៅកម្ពុជា ដែលរៀបចំឡើងនៅសកលវិទ្យាល័យសូហ្វីយ៉ា ដោយមានវត្តមានរបស់លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាអធិបតីក្នុងកម្មវិធី៕