អភិបាលខណ្ឌដង្កោ ចុះជួបប្រជាពលរដ្ឋទទួលយកសំណើ និងសំណូមពរនានា ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា នៅសង្កាត់ដង្កោ
25-01-2018 15:57
(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ចុះសំណេះសំណាលសាកសួរទុក្ខ និងទទួលយកបញ្ហាសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឲ្យបានទាន់ពេលវេលា ព្រមទាំងពិនិត្យមើលគម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំយកការនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។
បន្ថែមពីនេះ លោកអភិបាល ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ និងបានលើកឡើងអំពី ការយកចិត្តទុកដាក់របស់សម្តេចទាំងពីរ ដែលតែងគិតគូពីការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរពីការលំបាករបស់ពួកគាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា៕