(រតនគិរី)៖ កម្លាំងនគរបាលវរការពារព្រំដែនលេខ២០៣ ក្រោមបញ្ជារបស់លោក ហេង រតនៈ ស្នងការរងទទួលបន្ទុកព្រំដែនខេត្តរតនគិរី បានចាប់គោយន្តដឹកឈើអារ១គ្រឿង ខណៈកំពុងបើកចេញ ពីក្រុហ៊ុន នុភាពសុភីអ៊ិនវេសមេន ដែលមានទីតាំងនៅឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។ សម្រាប់ករណីនេះ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានថ្លែងថា បើសិនមន្រ្តីរដ្ឋបាលព្រៃឈើ ពិនិត្យទៅឃើញមានច្បាប់ នឹងដោះលែង តែបើគ្មានច្បាប់ទេនឹងចាត់ការតាមនីតិវិធី។
លោក ហុង សុខលាង តំណាងក្រុមហ៊ុននុភាពសុភីអ៊ិនវេសមេន នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានប្រាប់ឲ្យដឹងថា ការដឹកជញ្ជូនផល-អនុផលព្រៃឈើ គឺមានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ យកទៅប្រើប្រាស់ក្នុងស្រុក ហើយការដឹកជញ្ជូននេះ ដោយផ្លូវមានការលំបាកត្រូវឆ្លងកាត់ស្ពានថែមទៀតនោះ គឺត្រូវជួលគោយន្តដឹកមកដាក់រថយន្តធំ ដើម្បីដឹកបន្តទៅភ្នំពេញ។
លោក ហុង សុខលាង បន្តថា មុននឹងយកគោយន្តចូលដឹក ផល-អនុផលព្រៃឈើ ក្នុងក្រុមហ៊ុននោះ រូបគាត់បានជូនដំណឹងដល់សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធរួចហើយ ប៉ុន្តែមិនដឹងថា យ៉ាងមិចស្រាប់ដឹកមកដល់ចំណុប៉ុស្តិ៍៥០៥ ចំណុះឲ្យវរការពារព្រំដែន២០៣ ពួកគេចាប់ដាក់កន្លែងតែម្តង។
លោក ហុង សុខលាង បន្ថែមឲ្យដឹងទៀតថា បើទោះបីរូបលោកបង្ហាញលិខិតអនុញាតដឹកជញ្ជូនផល-អនុផលព្រៃឈើ (PC) ដល់ពួកគាត់យ៉ាងណាក៏ដោយ គឺគ្មានអ្នកណាត្រួតពិនិត្យដែរ ដោយឆ្លើយតបយ៉ាងខ្លីថា ព្រះរាជអាជ្ញាបញ្ជាឲ្យចាប់។
រហូតមកដល់រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ទាំងគោយន្ត និងឈើអារចំនួន១៨ម៉ែត្រគូបប្រភេទដួងចែម គឺនៅកន្លែងប៉ុស្តិ៍នគរបាលលេខ៥០៥ នៅឡើយទេ ពោលគឺគ្មានសមត្ថកិច្វខាងណាចេញមុខត្រួតពិនិត្យ ឯកសារនៅឡើយទេ។
ទាក់ទិនទៅនឹងករណីខាងលើនេះ អ្នកសារព័ត៌មានបានទាក់ទងសុំការបំភ្លឺពីលោក ហេង រតនៈ ស្នងការរងទទួលបន្ទុកព្រំដែន តែគាត់ឆ្លើយថា ទូរស័ព្ទអត់សូវមានសេវា ហើយជាប់ភារកិច្ចចុះត្រួតពិនិត្យព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង (ភូមិបាក់កែឃុំបាក់កែស្រុកវ៉ឺនសៃ)។
រីឯលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានប្រាប់នៅថ្ងៃត្រង់ថ្ងៃយ៉ាងខ្លីថា ចាំឲ្យខាងរដ្ឋបាលព្រៃឈើ ទៅពិនិត្យមើលច្បាប់ ,បើមានគ្រប់គ្រាន់ឲ្យគេទៅ តែបើមិនមានឯកសារគ្រប់គ្រាន់ ឲ្យចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ៕