(ភ្នំពេញ)៖ គេហទំព័រ Facebook Page របស់សកលវិទ្យាល័យកម្ពុជា ដែលមានឈ្មោះថា «UC Facebook Page» រួមទាំងគេហទំព័រ Facebook ចំនួន៥ផ្សេងទៀត ដែលទាក់ទងទៅនឹងសាកលវិទ្យាល័យកម្ពុជា ត្រូវបានជនអនាមិកលួចចូល (Hack) យកទៅប្រើប្រាស់ និងគ្រប់គ្រង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជាបានឲ្យដឹងថា សាកលវិទ្យាល័យកម្ពុជា សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចូលរួមស៊ើបអង្កេត ទៅលើការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណែតនេះ ព្រមទាំងចាត់ចំណាត់ការ កាត់ទោសពួកអ្នកលួចចូល និងប្រើប្រាស់គេហទំព័រ Facebook Page របស់សាកលវិទ្យាល័យកម្ពុជានេះ ទៅតាមផ្លូវច្បាប់។
ជាមួយគ្នានេះ សាកលវិទ្យាល័យកម្ពុជា បានសំដែងការខកចិត្ត ចំពោះការឆ្លើយតបយឺតយ៉ាវ និងមិនបានពេញលេញពីក្រុមហ៊ុន Facebook និងបានថ្កោកទោសយ៉ាងធ្ងន់ធ្ងរ ចំពោះពួកអ្នកលួចចូល និងប្រើប្រាស់គេហទំព័រនេះ ព្រោះនេះជាឧក្រិដ្ឋកម្មអ៊ិនធើណែត ដែលធ្វើឲ្យខាតបង់ពេលវេលា, ធនធាន និងបង្អាក់សកម្មភាពអប់រំ របស់សាកលវិទ្យាល័យកម្ពុជា។
សាកលវិទ្យាល័យកម្ពុជា បានបញ្ជាក់ទៀតថា «ការលួច និងប្រើប្រាស់គេហទំព័រ Facebook នេះ ជាការប៉ុនប៉ងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នយើង ហើយសំខាន់ជាងនេះទៅទៀត គឺប៉ះពាល់ដល់សិស្ស-និស្សិតរបស់យើងផងដែរ»។
សូមបញ្ជាក់ថា Facebook Page របស់សាកលវិទ្យាល័យកម្ពុជានេះ ជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការទំនាក់ទំនង រវាងសាកលវិទ្យាល័យជាមួយសិស្ស-និស្សិត, សាស្រ្ដចារ្យ, បុគ្គលិក, មិត្តភក្ដិ, ដៃគូ និងសហគមន៍ នៃសាកលវិទ្យាល័យកម្ពុជា៕