(កណ្តាល)៖ ថ្ងៃព្រហស្បត្តិ៍០៩ កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សាលាគណខេត្តកណ្តាល បានរៀបចំពិធីអនុសំវច្ឆរមហាសន្និបាទ មន្ត្រីសង្ឃទូទាំងខេត្តកណ្តាល ក្រោមអធិបតីព្រះនិមលវេទី ជា សំអាង ព្រះមេគណខេត្តកណ្តាល។ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងវត្តប្រជុំវត្តនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីនេះ ក៏មានការចូលរួមពីព្រះបាឡាត់វេទីវង្សា ស ប៊ុនណា ព្រះបាឡាតគណ, ព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធរគណ, ព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះធម្មធរគណ, ព្រះពោធិ៍វង្សា ពៅ រតនា ព្រះសមុហ៍គណ, ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះលេខាគណ, ព្រះគ្រូសិរីបញ្ញា ហួន សេងហាក់ ជំនួយការនិងលោក សៀក សារឿន និងមន្ត្រីសង្ឃជាច្រើន ទៀត និងមានការចូលរួមពីប្រធានមន្ទីរ, ប្រធានធម្មការ, ប្រធានការិយាល័យ ស្រុក ខេត្តកណ្តាលផងដែរ។
ព្រះវិមលវេទី ជា សំអាង បានសង្ឃដីកាទៅកាន់អង្គពិធីថា អង្គអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦ បានសម្រេចជាឯកច្ឆ័ន្ទ បន្តគាំទ្រនូវគោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលលើកទី៥ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយបានសម្រេចដាក់ចេញនូវសង្ឃប្រកាសចំនួន៦ចំណុច។ ដោយចំណុចនីមួយៗ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រីសង្ឃដើម្បីអនុវត្តន៍ និងណែនាំបន្ត ដើម្បីពង្រឹងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
ព្រះវិមលវេទីបានមានសង្ឃដីកាបន្តថា សូមឲ្យព្រះសង្ឃគ្រប់វត្តត្រូវចេះរួមសាមគ្គីគ្នារវាងព្រះសង្ឃ និងព្រះសង្ឃ ជាមួយគណៈកម្មកា អាចារ្យវត្ត និងពុទ្ធបរិស័ទផងដែរ៊។ ប្រសិនបើ ឃើញអង្គណាមួយប្រព្រឹត្តខុស និងវិន័យធរ គឺត្រូវចេះអប់រំណែនាំ ដើម្បីឲ្យសង្ឃអង្គនោះ កែព្រះកាយគោរពវិន័យធរ មិនតែប៉ុណ្ណោះទេ គឺអាចនឹងជួយលើកកម្ពស់វិស័យព្រះពុទ្ធសាសនា
ប៉ុន្តែបើណែនាំហើយ នៅតែមិនកែប្រែគឺត្រូវរាយការណ៍ មកកាន់ធម្មការស្រុកនីមួយៗ ដើម្បីមានវិធានការទប់ស្កាត់ មិនត្រូវសំងំសុខទុកឲ្យ បុគ្គល់១អង្គធ្វើឲ្យប៉ះពាល់ ដល់សង្ឃដែលកំពុងប្រតិបត្តិនោះ។
ជាមួយគ្នានោះ ក៏មានមន្ត្រីសង្ឃមួយចំនួន បានលើកពីបញ្ហានានាមួយចំនួន នាពេលកន្លងមកនៅតាមមូលដ្ឋាន ហើយត្រូវបាន គណអធិបតីបក់ស្រាយពន្យល់ឲ្យបានជ្រាប៕