(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយស្ថានទូតបរទេសនៅកម្ពុជា តំណាងនាយឧត្ដម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ ជាមួយនាយកដ្ឋានអង្គភាព និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត រួមជាមួយបណ្ដាស្ថានទូតនានា ប្រចាំនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានតំណាងពីបណ្ដាស្ថានទូតនានា ប្រចាំនៅប្រទេសកម្ពុជា ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្តទាំង២៥ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។
បណ្ដាស្ថានទូតនានាបាន សំណូមពរឲ្យក្រុមការងារ ជួយដោះស្រាយបញ្ហានានា ដែលកើតមានឡើង ចំពោះជនជាតិរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព និងបន្តដោះស្រាយបញ្ហាដែលនៅសេស សល់ឲ្យបានចប់។ ក្រុមការងារបានសន្យាថា នឹងព្យាយាមដោះស្រាយបញ្ហា ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនការការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្របទៅតាម នីតិវិធីច្បាប់របស់ប្រទេសកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ថានទូតប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINEជាមួយ ជនបរទេសប្រចាំនៅកម្ពុជា ដែលបានយកចិត្តទុកដាក់ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិនភ្ញៀវទេសចរបរទេសមន្ត្រីការ ទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា។ បន្ទាប់ពីជំនួបជាមួយបណ្ដាស្ថានទូតរួចមក ក៏មានការប្រជុំផ្ទៃក្នុងនៃក្រុមការងារ HOTLINE បន្តទៀតក្នុងព្រឹកនោះផងដែរ។
កិច្ចប្រជុំ បានផ្ដោតលើការវាយតម្លៃ ការអនុវត្តផែនការទិសដៅ ដែលបានដាក់ចេញកន្លងមក និងបូកសរុបលទ្ធផល ប្រតិបត្តិការងារប្រចាំឆ្នាំ២០១៧ ដកពិសោធន៍កិច្ចការងារ ដែលបាន អនុវត្តជាក់ស្ដែង និងកែសម្រួល បំពេញបន្ថែមនូវចំណុចខ្វះខាត ក្នុងការអនុវត្តការងារដាក់ទិសដៅ ឲ្យអនុវត្តបន្តទៀត។
នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានដឹកនាំ បានផ្ដាំផ្ញើនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាម ផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារសន្តិសុខ ជូនវិនិយោគិន និងអ្នកទេសចរបរទេស ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងលើកទឹកចិត្តវិស័យវិនិយោគ និងទេសចរណ៍៕