(ភ្នំពេញ)៖ ភាពយន្តបែបជំនឿ និងនិយាយពីវប្បធម៌ រស់នៅក្នុងសម័យលង្វែក មានចំណងជើងថា «ធ្មប់» ដែលចាប់ផ្ដើមដាក់បញ្ចាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានគេសង្កេតឃើញថា មានអ្នកគាំទ្រ ជាពិសេសយុវវ័យ បានប្រជ្រៀតគ្នាចូលរួមទស្សនា ភ្លូកទឹកភ្លូកដី ដែលបានបង្ហាញឲ្យឃើញថា ចលនានៃការគាំទ្រភាពយន្តខ្មែរ កាន់តែរីកចំរើនឡើងខ្លាំង បន្ថែមទៀតហើយ។
ភាពយន្តរឿង «ធ្មប់» ត្រូវបានផលិតកម្ម មាតុចក្រហ្វីលម៍ ដែលមានលោក ហ៊ុយ យ៉ាឡេង ជាចាងហ្វាងផលិតកម្ម និងជាតួសម្ដែងយ៉ាងសំខាន់ក្នុងរឿងផងនោះ បានសម្រិតសម្រាំងឡើង យ៉ាងពិសេស ដោយបានបញ្ចូលឈុតឆាកអភិនិហា រន្ធត់ ញាប់ញ័រ ស្ដែងចេញពីសកម្មភាព និងជំនឿនៃការរស់នៅរបស់ប្រជាពលរដ្ឋ កាលពីសម័យលង្វែក ដែលជាសម័យកាលមួយ ធ្លាប់មានប្រវត្តិសាស្ត្ររុងរឿង និងការរស់ប្រកបដោយជំនឿ ជាច្រើនរាប់មិនអស់។
ជាមួយគ្នានេះ ការជ្រើសរើសតួសម្ដែងក្នុងសាច់រឿង ដោយបានយកតារាសម្ដែង ហ៊ិន ចាន់នីរ័ត្ន ជាតួឯកស្រី និងលោក ហ៊ុយ យ៉ាឡេង ជាតួឯកប្រុស គឺពិតជាស័ក្តិសមគ្នា ទៅនឹងផ្ទៃរឿងទាំងមូល ខណៈការតុបតែងខ្លួន ជាមនុស្សសម័យនោះ កាន់តែមានភាពស៊ីសង្វាក់គ្នាបន្ថែមទៀត ដែលធ្វើឲ្យសាច់រឿងទាំងមូល មានភាពទាក់ទាញ អ្នកទស្សនាច្រើន។
យ៉ាងណាមិញ នៅក្នុងការដាក់បញ្ចាំងថ្ងៃទី១នេះ ត្រូវបានគេសង្កេតឃើញថា មានអ្នកទស្សនាយ៉ាងច្រើនកុះករ ទិញសំបុត្រចូលទស្សនា គ្រប់បណ្ដារោងភាពយន្ត ទំនើបនានា ក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យផលិតករ មានក្ដីរំពឹងខ្ពស់ថា នឹងទទួលបានជោគជ័យ ដូចទៅនឹងរឿង «វិកលចរិត» ដែលបានដាក់បញ្ចាំង កាលពីឆ្នាំ២០១៧កន្លងទៅ។
សូមបញ្ជាក់ថា កន្លងមកភាពយន្តរឿង «វិកលចរិត» របស់លោក ហ៊ុយ យ៉ាងឡេង គឺជាភាពយន្តខ្មែរមួយក្នុងចំណោម ភាពយន្តខ្មែរដទៃទៀត ដែលទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់ទស្សនិកជនខ្មែរ។ ក្រុមហ៊ុនពូ ព្រហ្ម មានកិត្តិយសដែលទទួលបានការទុកចិត្តពី ផលិតកម្មមាតុចក្រហ្វីលម៍ចែកចាយ រឿង «ធ្មប់» មួយនេះ នៅតាមរោងភាពយន្ត ក្នុងប្រទេសកម្ពុជា។
ប្រធានចាត់ការទូរទៅក្រុមហ៊ុន ពូព្រហ្មអិនធឺធេនមេន សង្ឃឹមថា រឿង «ធ្មប់» ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់ទស្សនិកជនខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ រឿង «ធ្មប់» នឹងចាក់បញ្ចាំងនៅគ្រប់រោងកុនទាំងអស់ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ នេះហើយ៕