(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តព្រៃវែង សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ណែនាំស្តីពីការ អនុវត្តច្បាប់ ស្តីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨» ក្រោមអធិបតីភាពលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង។
លោក សួន សុម៉ាលីន បានថ្លែងថា ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីរដ្ឋបាលក្រុង ស្រុក ថវិកា នៃរដ្ឋបាល ក្រុង ស្រុក នៃក្រសួងមហាផ្ទៃ ដែលផ្ទេរអាណាប័ក ជូនលោក-លោកស្រី អភិបាលក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងសកម្មភាព ចំណូលចំណាយថវិកាប្រចាំឆ្នាំ របស់ខ្លួនប្រកបដោយបុរេសកម្ម និងមានសមិទ្ធកម្ម ឬមានលទ្ធផលការងារ ឲ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានគុណភាពល្អប្រសើរ។
លោកថា ជាមួយនិងចក្ខុវិស័យ និងយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ នៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំប្រកបដោយឆន្ទះ ភាពជាម្ចាស់ និងទិសដៅច្បាស់លាស់ ជាដំណាក់ៗ របស់ លោកបណ្ឌិតសភាចារ្យ អូព័ន្ធ មុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ បានដាក់ឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថ អនុវត្តថវិកា កម្មវិធីពេញលេញព្រមគ្នា ជាមួយនិងក្រសួងអនុវត្តថវិកា កម្មវិធីចំនួន៩ផ្សេងៗទៀត ចាប់ពីឆ្នាំ២០១៥រហូតមក។
អភិបាលរងខេត្តព្រៃវែង បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ អង្គភាពថវិកា នៃរដ្ឋបានក្រុង ស្រុក ត្រូវបានដាក់ឲ្យដំណើការ និងប្រតិបត្កិបំពេញមុខងាររបស់ខ្លួន យ៉ាងសកម្មដើម្បីគាំទ្រ និងចូលរួមអនុវត្តថវិកា កម្មវិធីដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ព្រមជាមួយនិងការប្រគល់សិទ្ធជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព សមិទ្ធកម្ម និងថវិកា។
លោកបន្ដថា ជាលទ្ធផលគិតមកដល់ឆ្នាំ២០១៧ មន្ទីរជំនាញនៅមូលដ្ឋាន បានដាក់ឲ្យដំណើរការ អង្គភាពថវិកា នៃមន្ទីរសរុបចំនួន២៤ ព្រមជាមួយគ្នានេះ សាលាខេត្តព្រៃវែង ត្រូវបានដាក់ឲ្យអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ២០១៨ផងដែរ។
លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាព ដល់គ្រប់រដ្ឋបាលថវិកាទាំងអស់នៃក្រុង ស្រុក ក្នុងការអនុវត្ត និងការតាមដានត្រួតពិនិត្យ វាយតម្លៃការអនុវត្កថវិកា ឲ្យកាន់តែមានប្រសិទ្ធភាព សុក្រិត្យភាព សមានគតិភាព និងនីត្យានុកូលភាព។
លោកក៏បានណែនាំ ដល់អង្គពិធីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់ នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកា កម្មវិធីរបស់គ្រប់ អង្គភាពថវិកានៃរដ្ឋបាល ក្រុង ស្រុកនៅមូលដ្ឋាន ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួន តាមក្របខណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងគុណភាពល្អ។
លោកសង្ឃឹមថា អង្គពិធីថ្ងៃនេះ និងផ្តល់ធាតុ ចូលបន្ថែមយ៉ាងសំខាន់ថែមទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាព ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ ក្នុងការចូលរួមចំណែកលើការ អនុវត្តកម្មវិធី ប្រកបដោយប្រសិទ្ធភាព សង្កគិភាពសុក្រិត្យភាព គណនេយ្យភាពនិងតម្លាភាព ដើម្បីសម្រេចបាននូវលទ្ធផល នៃគោលបំណង គោលនយោបាយ និងកម្មវិធីដែលក្រសួង និមួយៗ បានដាក់ចេញ៕