(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំកម្លាំងអាវុធហត្ថខណ្ឌ ប្រជាការពារខណ្ឌ-សង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះប្រតិបត្តិការលបឆ្មក់បង្ក្រាបបាននូវទីតាំងបនល្បែងចំនួន៤កន្លែង ជាបន្តបន្ទាប់ ជាប់ៗគ្នា និងដកហូតបានទូហ្គេមបាញ់ត្រី ចំនួន៤គ្រឿងធំៗ ក្រោយពីរៀបចំពិធីវាយដុតកម្ទេចចោលទាំងស្រុង នូវទូហ្គេមបាញ់ត្រីចំនួន២១គ្រឿង កាលពីប្រត្តបត្តិការស្រាវជ្រាវបង្ក្រាបបាន១៦ទីតាំងផ្សេងៗគ្នា នាពេលកន្លងមកនេះ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពលើគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រតិបត្តិការដ៏ក្ដៅ ក្នុងការបង្ក្រាបបទល្មើសបើកបនលេងល្បែង៤ទីតាំងជាប់ៗគ្នា និងដកហូតទូហ្គេមបាញ់ត្រី ចំនួន៤គ្រឿងធំ របស់អាជ្ញាធរខណ្ឌឫស្សីកែវ ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បន្ទាប់ពីបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការកំណត់បាននូវទីតាំង និងពេលវេលា នៃការប្រប្រត្តបទល្មើស ជាមុនសិន ទើបចាត់វិធានការ ក្នុងការឈានដល់បើកប្រត្តបត្តិការបង្ក្រាប ចំនួន៤កន្លែងជាប់ៗគ្នា និងដកហូតបានទូហ្គេមបាញ់ត្រី៤គ្រឿងធំ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដើម្បីរងចាំឱកាសវាយដុតកម្ទេចចោល នៅពេលក្រោយប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោយការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ បានរៀបចំពិធីវាយកម្ទេចដុតទូហ្គេមចំនួន២១គ្រឿង នៅត្រង់ចំណុចដីឡូត៍ទំនេរមួយកន្លែង ខាងលិចវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដោយមានការចូលរួមពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង នាយប៉ុស្ដិ៍ មេភូមិ អនុភូមិ មេក្រុម ប្រធាន អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យចំណុះជុំនាញខណ្ឌ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យឫស្សីកែវយ៉ាងច្រើនកុះករ។
ក្នុងពិធីវាយដុតកម្ទេចទូហ្គេមបាញ់ត្រី ចំនួន២១គ្រឿង នេះដែរ លោក ជា ពិសី បានបញ្ជាក់ថា ក្នុងអំឡុងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបង្ក្រាបល្បែងហ្គេមបាញ់ត្រីចំនួន៨ទីតាំង ស្ថិតនៅចំណុចជួរមាត់ទន្លេ ក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដកហូតបានទូរហ្គេមបាញ់ត្រី១១គ្រឿង ក្នុងនោះមិនដំណើរការ៥គ្រឿង (មនុស្សរត់គេចខ្លួនអស់ ដោយស្ថានភាពផ្លូវតូចចង្អៀត និងមានច្រកតូចៗច្រើន) រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាព បានបន្តប្រតិបត្តិការបង្ក្រាប១ទីតាំងបន្ថែមទៀត នៅលើផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ដកហូតបានទូរហ្គេមបាញ់ត្រី២គ្រឿង និងទូរហ្គេមពង់បៀ១០គ្រឿង ក្នុងនោះមិនដំណើរការ៤គ្រឿង និងឃាត់ខ្លួនអ្នកលេងចំនួន១០នាក់ យកមកធ្វើកិច្ចសន្យាអប់រំ អោយត្រឡប់ទៅផ្ទះវិញ។
លោក ជា ពិសី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់បើកការបង្ក្រាបល្បែងហ្គេមបាញ់ត្រី៧ទីតាំងទៀត (នៅខាងក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១) ដោយដកហូតបានទូរហ្គេមបាញ់ត្រី៨បន្ថែមទៀត ក្នុងនោះមិនដំណើរការ៣គ្រឿង សរុប៣លើក ស្មើ១៦ទីតាំង ដកហូតបានទូរហ្គេមបាញ់ត្រី២១គ្រឿង ក្នុងនោះមិនដំណើរការ៨គ្រឿង និងទូរហ្គេមពង់បៀចំនួន១០គ្រឿង និងមិនដំណើរការ៤គ្រឿង។
លោកអភិបាលខណ្ឌ ជា ពិសី បានថ្លែងថា លោកសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៉ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៉ីសងទាំងនោះ៕