(ព្រះសីហនុ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានមេដាយការពារជាតិជូនអតីតយុទ្ធជន ៩៧១នាក់នៅក្នុងខេត្តព្រះសីហនុ ដើម្បីជាការផ្តល់នូវកិត្តិយស និងជាការដឹងគុណចំពោះពួកគេ ដែលបានលះបង់ កម្លាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ។
ក្នុងចំណោមអតីតយុទ្ធជនទាំង ៩៧១នាក់នេះ អ្នកដែលទទួលមេដាយការពារជាតិថ្នាក់មាស ៧នាក់ ថ្នាក់ប្រាក់ ៣១៧នាក់ និង សំរិទ្ធ ៦៤៧នាក់។ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញបំពាក់នូវមេដាយទាំងនេះជូនអតីត យុទ្ធជននាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងក្នុងពិធីបំពាក់មេដាយនោះថា មេដាយទាំងអស់នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទូលថ្វាយសុំព្រះមហាក្សត្រខ្មែរជូនដល់អតីតយុទ្ធជន ដើម្បីជាការដឹងគុណចំពោះ អតីតយុទ្ធជន ដែលបានពលីកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ។
«បងប្អូនអតីតយុទ្ធជនបានលះបង់សព្វបែបយ៉ាងសាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ បើគ្មានការលះបង់ប្រកបដោយវីរភាព របស់អតីតយុទ្ធជនទេនោះ យើងក៏មិនអាចរស់នៅដោយសុខសាន្តដូចពេលបច្ចុប្បន្ននេះបានឡើយ។ បើគ្មាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្រង់កម្ពុជាឲ្យរួចផុតពីភ្លើងសង្គ្រាមទេនោះ យើងក៏មិនទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះបានដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត ដែលមិនអាចប្រកែកបានឡើយ»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ គន់ គីម។
ក្រៅពីការផ្តល់តម្លៃ និងកិត្តិយសតាមរយៈស្នើសុំមេដាយការពារជាតិជូនអតីតយុទ្ធជនហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏តែងបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជនផងដែរ។
ឆ្លើយតបនឹងកាយប្រការប្រកបដោយការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចប្រធានកាកបាទក្រហមនេះ អតីតយុទ្ធជន បានសម្តែងការរីករាយរហូតដល់អ្នកខ្លះបានសម្រក់ទឹកភ្នែកថែមទៀតផងដែរ។ បងប្អូនអតីតយុទ្ធជន បានលើកឡើងថា ការប្រឹងប្រែង ដើម្បីសង្គមជាតិមាតុភូមិរបស់ពួកគាត់មិនត្រូវបានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបំភ្លេចចោលនោះទេ។
បងប្អូនអតីតយុទ្ធជនថែមទាំងបញ្ជាក់ទៀតថា ការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចប្រធានកាកបាទក្រហមកម្ពុជា ជាការផ្តល់នូវភាពកក់ក្តៅ និងសេចក្តីសម្រាប់ជីវិតក្នុងវ័យចាស់របស់ពួកគាត់។
ជាមួយការបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកតស៊ូលើសមរភូមិក្នុងពេលប្រទេសជាតិជួបសង្គ្រាមនោះ នាយឧត្តមសេនីយ គន់ គីម បានអំពាវនាវដល់ថ្នាក់ដឹកនាំ ស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជននានា បន្តជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ដល់អតីតយុទ្ធជន ជាពិសេសបងប្អូនដែលក្រលំបាក ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងយ៉ាងដូច្នេះ «ជាការពិតបងប្អូនទាំងនោះសុទ្ធសឹងតែជាអ្នកមានគុណបំណាច់ធំធេងណាស់ ចំពោះជាតិ មាតុភូមិ ប៉ុន្តែកម្រិតជីវភាពជាទូទៅ មិនមែនសុទ្ធតែល្អគ្រាន់បើដូចៗគ្នានោះទេ។ ភាគច្រើនជាអ្នកដែលមានជីវភាព ទ័លក្រ ហើយលំបាក ខ្វះខាត ហើយថែមទាំងមានសុខភាពទ្រុឌទ្រោមថែមទៀត។ ទាំងនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល និងសមាគមត្រូវទទួលបន្ទុកទុកដោះស្រាយ»។
ក្នុងឱកាសនោះនាយឧត្តមសេនីយ គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ៊ូ ឆាយ លោកឧកញ៉ា តែ តាំងប៉ និងលោកស្រី ដែលបានបរិច្ចាគជាថវិការួមជាមួយផ្តល់ជាគ្រឿងឧបភោគ បរិភោគមាន មី ត្រីខ ទឹកដោះគោ ជូនជាអំណោយក្នុងនាមសម្តេចតេជោ ដល់អតីតយុទ្ធជន ដែលចូលរួមក្នុងពិធី និងមួយផ្នែកសម្រាប់មូលនិធិទ្រទ្រង់សមាគម និងសម្រាប់សាងសង់ផ្ទះ ជូនសមាជិកសមាគម ដែលទ័លក្របំផុត៕