(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យជំនាញរាជធានីភ្នំពេញ កម្លាំងមូលដ្ឋាន អាជ្ញាធរសង្កាត់ និងខណ្ឌ បានធ្វើការចុះបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង យីហោ «៧៦៦» ដែលរកស៊ីបង្កប់សេវាកម្មបំរើផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនម៉ែយ៉ែមម្នាក់ និងជួយជនរងគ្រោះជានារីបំរើការផ្លូវភេទចំនួន៣ នាក់ ព្រមទាំងដកហូតវត្ថុតាង មានស្រោមអានាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាជួញដូរផ្លូវភេទខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ចំណុចហាងម៉ាស្សា យីហោ «៧៦៦» ផ្ទះលេខ៤៦៨ ផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សំបូរ ម៉ាណ្ណារិទ្ធ អនុប្រធានកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
លោក សំបូរ ម៉ាណ្ណារិទ្ធ បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងហាងម៉ាស្សាខាងលើនេះ កម្លាំងនគរបាលបានរកឃើញស្រ្តីបម្រើផ្លូវភេទ៣នាក់ និងឃាត់ខ្លួនម៉ែយ៉ែមជាម្ចាស់ទីតាំងឈ្មោះ ហេង ចន្ធូ អាយុ៤០ឆ្នាំ ជាមួយវត្ថុតាង មានស្រោមអនាម័យ ប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ។
បច្ចុប្បន្នម៉ែយ៉ែមដែលជាថៅកែហាងម៉ាស្សា និងបង្កប់សេវាផ្លូវភេទខាងលើ ស្ថិតក្រោមការសួរនាំរបស់មន្ត្រីជំនាញ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត៕