(កណ្តាល)៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យម្នាក់មកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿង យកប្រាក់ដុល្លារក្លែងក្លាយជិត៣០០០ដុល្លារ មកបន្លំទិញទំនិញនៅក្រុងតាខ្មៅ។ មន្ត្រីតុលាការថ្លែងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សឺ ប៊ុនទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ២៧៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
សូមបញ្ជាក់ថា បុរសម្នាក់បានជិះរថយន្តពីរាជធានីភ្នំពេញ មកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយបន្លំទិញទំនិញពីអាជីវករជាបន្ដបន្ទាប់គ្នា។ ចុងក្រោយបែកការណ៍ត្រូវប្រជាពលរដ្ឋប្ដឹងមកសមត្ថកិច្ចជួយអន្ដរាគមន៍ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលក់ភេសជ្ជៈ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅឱ្យដឹងថា ជនរងគ្រោះមាន៣នាក់ទី១ ឈ្មោះ ផាវ សារិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំមុខរបរលក់ដូរ ទី២ ឈ្មោះ លឹម លីម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ និងទី៣ ឈ្មោះ ម៉ន អៀង ភេទប្រុស អាយុ២៨ឆ្នាំ។
ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន រថយន្តមួយគ្រឿងម៉ាកTOYOTA Pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AS-1163 ប្រាក់ដុល្លារក្លែងក្លាយចំនួន២៧០០ដុល្លារ ប្រាក់ដុល្លារពិតប្រាកដចំនួន២៩ដុល្លារ ប្រាក់រៀលចំនួន១០២,៨០០រៀល ស្រាបៀរ ABC ចំនួន៣កេស ប្រេងសាំងចំនួន១ប៊ីដុង មានចំណុះ៣០លីត្រ អាគុយម៉ាកROCKETចំនួនពីរគ្រឿង និងទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក LG ពណ៌ស។
លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សឺ ប៊ុនទ្រី បានជិះរថយន្តធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយ ក្រដាស់១០០ ចំនួន២៧០០ដុល្លារ រួចចុះពីលើឡានទៅទិញស្រាបៀរ និងសាំងរបស់ជនរងគ្រោះចំនួន៣នាក់ ជាបន្តបន្ទាប់គ្នា ខណៈដែលទិញរួច ជនសង្ស័យក៏បានបើករថយន្ដចេញពីកន្លែង លក់ឆ្ពោះទៅទិញកន្លែងផ្សេងទៀត។ ក្រោយមកជនរងគ្រោះបានដឹងថា ជនសង្ស័យទិញទំនិញរបស់ខ្លួនជាប្រាក់ដុល្លារក្លែងក្លាយ ភ្លាមនោះជនរងគ្រោះ ក៏តាមរកជនសង្ស័យឃើញនៅម្តុំផ្សារព្រែកហូរ ភ្លាមនោះក៏បានឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកប្រាក់ដុល្លាក្លែងក្លាយ ទៅទិញទំនិញរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់បានយកប្រាក់ដុល្លារក្លែងក្លាយ ចំនួន១០០ដុល្លារនោះយកមកប្ដូរប្រាក់រៀលម្ដងរួចមកហើយ នៅចំណុចស្ពានព្រែកហូរ ។ ចំពោះប្រាក់ដុល្លារក្លែងក្លាយទាំងនោះគឺខ្លួនបានមកពីជនម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕