(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានសហការជាមួយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា រៀបចំដាក់ឲ្យដំណើរការ អនុវត្តគម្រោងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលបានរៀបចំធ្វើឡើង នៅក្នុងសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
ការដាក់ឲ្យដំណើរការ អនុវត្ដគម្រោងការប្រែប្រួលអាកាសធាតុខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីលោកបណ្ឌិត សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាតំណាង លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជានាយកគម្រោង និង លោក-លោកស្រី ថ្នាក់ដឹកនាំ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានសិក្ខាកាមចូលរួម មកពីអន្តរក្រសួង អង្គការសង្គមស៊ីវិល និងវិស័យឯកជនប្រមាណ៩០នាក់។
គម្រោងនេះ ពិតជាមានអត្ថប្រយោជន៍ធំធេងណាស់ ព្រោះវាជាសក្ខីភាពមួយបញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០១៤-២០២៣។
ការធានាបាននូវការដោះស្រាយ បញ្ហាប្រឈមសម្រាប់រយៈពេលច្រើនឆ្នាំខាងមុខ ហើយកិច្ចខិតខំប្រឹងប្រែង ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់បំផុត ក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍដោយបញ្ចេញការបូនតិច ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
គម្រោងដែលនឹងដាក់ឲ្យដំណើរពេលនេះ ជាផ្នែកមួយនៃការអនុវត្តផែនការ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយគម្រោង មានគោលបំណងសំខាន់ៗ ដូចជា៖
ទី១៖ ធ្វើឲ្យមានប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន និងផលិតកម្មស្អាត នឹងធ្វើឲ្យរោងចក្រ សិប្បកម្ម ទទួលបានផលចំណេញ ពីការកាត់បន្ថយថ្លៃចំណាយផលិតកម្ម បង្កើនផលិតភាព ព្រមទាំងបានចូលរួម ក្នុងការធ្វើឲ្យអប្បបរមា នូវការបញ្ចេញចោលនូវសំណល់ និងឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិស្ថានផងដែរ។
ទី២៖ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មរបស់យើង ចាំបាច់ត្រូវមានប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) មួយដែលមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ការធ្វើសមាហរ័ណកម្ម នៃនីតិវិធី និងដំណើរការបណ្តុះបណ្តាលបុគ្គលិក ការត្រួតពិនិត្យ ការសង្ខេប និងធ្វើរបាយការណ៍ស្តីពី ព័ត៌មាននៃសកម្មភាពទាំងឡាយ ទៅលើបរិស្ថាន។
ទី៣៖ លើកកម្ពស់ការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីរោងចក្រ សហគ្រាស និងសិប្បកម្ម ដោយដាក់ចេញជាគោលការណ៍ ណែនាំដល់ផលិតករទាំងឡាយ ក្នុងវិស័យនេះឲ្យអនុវត្តតាម។
ជាពិសេសជាងនេះទៅទៀត គម្រោង ក៏បានលើកទឹកចិត្តដល់វិស័យឯកជន តាមរយៈការចូលរួមអនុវត្តគម្រោង ការកសាងសមត្ថភាព ជួយបង្កើនផលិតភាព ការចំណេញផ្នែកសេដ្ឋកិច្ច និងគាំពារបរិស្ថានសង្គម ជាមួយរាជរដ្ឋាភិបាលផងដែរ៕