(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសបង្កើតចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាត ដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា នៅពេលនេះ ស្ថានភាពផ្ទៃក្នុងរបស់អតីតមន្រ្តីនៃគណបក្សប្រឆាំងដែលត្រូវបានរំលាយដោយតុលាការកំពូល បាននឹងកំពុងរង្គោះរង្គើយ៉ាងខ្លាំង និងក៏បានធ្វើឲ្យក្រុមមនុស្សរបស់លោក កឹម សុខា មានការមិនសប្បាយចិត្តចំពោះការប្រកាសបង្កើតចលនានេះ។ ជាមួយនឹងការមិនសប្បាយចិត្តនេះ ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះនៅលើ Facebook ឈ្មោះ «យុវតីសង្រ្គោះជាតិ» បានសរសេរលិខិតជំហរមួយច្បាប់ផ្ញើមកកាន់ការិយាល័យ Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
ខ្លឹមសារនៃលិខិតចំហរនេះមានទាំងស្រុងដូចខាងក្រោម៖
ពួកយើងខ្ញុំជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានក្តីទោមនស្សយ៉ាងខ្លាំង បន្ទាប់ពីបានដំណឹងថា លោក សម រង្ស៊ី បានប្រកាសបង្កើតចលនាសង្គ្រោះជាតិស្អីគេនោះពីក្រៅប្រទេស។ ចលនានេះមិនត្រឹមតែជាការបំផ្លាញគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះទេ តែវាក៏ជាអន្ទាក់ដែលនាំទុក្ខទោសដល់ពួកយើងខ្ញុំដែលជាអ្នកគាំទ្របក្សសង្គ្រោះជាតិថែមទៀតផង។
តើលោក សម រង្ស៊ី ដឹងឬមិនដឹងថា ការប្រកាសបង្កើតចលនាសង្គ្រោះជាតិមានន័យស្មើនឹងការទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិរលាយបាត់រូបរាងហើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្មីៗនេះ លោក សម រង្ស៊ី ទទួលស្គាល់ច្បាស់ៗថា បក្សសង្គ្រោះជាតិរលាយ មេៗខាងលើខ្ចាត់ខ្ចាយ មិនអាចទាក់ទងគ្នាបាន មិនដឹងនិយាយគ្នាយ៉ាងម៉េច ចំណែកឯមន្ត្រី និងសកម្មជនថ្នាក់ក្រោមរងារឯកោ? ពាក្យសម្តីរបស់លោក សម រង្ស៊ី បានធ្វើឲ្យពួកយើងខ្ញុំរងការចុកចាប់យ៉ាងខ្លាំង។ កាលពីមុននេះ លោក សម រង្ស៊ី បាននិយាយពេញៗមាត់ថា បក្សសង្គ្រោះជាតិនៅរស់ ហើយអំពាវនាវឲ្យអ្នកគាំទ្រ និងមន្ត្រីថ្នាក់ក្រោមបន្តគាំទ្រ ហើយថា សហគមន៍អន្តរជាតិនឹងជួយ។ ប៉ុន្តែពេលនេះបែរជាក្រឡាស់សម្តី ១៨០ អង្សា និយាយបាតដៃ ខ្នងដៃ ហើយទទួលស្គាល់ដោយពេញមាត់ថា បក្សសង្គ្រោះជាតិរលាយអស់ហើយពេលនេះមិនអាចធ្វើអ្វីកើតទេ។ រីឯការរំពឹងលើសហគមន៍អន្តរជាតិ ក៏មិនអាចទទួលបានផលអ្វីដែរ។
ម្យ៉ាងទៀត ការបង្កើតចលនាសង្គ្រោះជាតិមិនគ្រាន់តែមិនបានការទេ តែនឹងនាំទុក្ខទោសដល់ពួកយើងខ្ញុំអ្នកគាំទ្រពីព្រោះតែនេះជាចលនាខុសច្បាប់។ ដូច្នេះ បើអ្នកណាហ៊ានចូលរួម អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់មិនខាន។ តើលោក សម រង្ស៊ី ដឹងឬមិនដឹងអំពីបញ្ហានេះ? ហេតុអ្វីបានជាធ្វើអំពើបែបនេះទៅកើត? អាងតែខ្លួនឯងនៅក្រៅប្រទេស ហើយចុះអ្នកដែលកំពុងរស់នៅក្នុងប្រទេសឲ្យគេចូលរួមគាំទ្រចលនាបែបនេះម្តេចកើត? ឬមួយលោក សម រង្ស៊ី ចង់ឲ្យអ្នកគាំទ្ររបស់ខ្លួនជាប់គុកកាន់តែច្រើនដើម្បីងាយស្រួល យកធ្វើលេសដុតកំហឹងពង្រឹងចលនាសង្គ្រោះជាតិរបស់លោក? តើលោក សម រង្ស៊ី ពិតជាកំពុងបម្រើនយោបាយឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចគេថាមែនទេដឹងបានជាទៅបង្កើតចលនាថ្មីមួយដោយមិនបានសួរយោបល់លោកប្រធាន កឹម សុខា សោះ?
លោក សម រង្ស៊ី សូមលោកសួរខ្លួនឯងថា តើលោកបានបំផ្លាញបក្សប្រឆាំងអស់ប៉ុន្មានហើយ? ក្រោមការដឹកនាំរបស់លោក គណបក្សបក្សជាតិខ្មែរបានរលាយ, គណបក្សសម រង្ស៊ី រលាយ, ទីបំផុតគណបក្សសង្គ្រោះជាតិក៏រលាយទៀត។ ការរលាយជាបន្តបន្ទាប់នេះព្រោះ លោក សម រង្ស៊ី ជាអ្នកនយោបាយពូកែខាងដុតគឺដុតរហូតរលាយគណបក្សខ្លួនឯង។ អ្វីដែលច្បាស់លាស់បំផុតនៅពេលនេះគឺ លោក សម រង្ស៊ី មានបំណងរំលាយគណបក្សសង្គ្រោះជាតិចោលយ៉ាងពិតប្រាកដខណៈដែលពួកយើងខ្ញុំគ្រប់គ្នាខិតខំការពារគណបក្សនេះនិងចាត់ទុកថា វាមិនទាន់ស្លាប់នៅឡើយ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន គឺលោក សម រង្ស៊ី ធ្វើនយោបាយដោយយកឈាមនិងទឹកភ្នែកប្រជាជនធ្វើដើមទុនរហូត។ តើមានមនុស្សប៉ុន្មាននាក់ហើយដែលបានស្លាប់ រងរបួស ជាប់ពន្ធនាគារ និងបានធ្លាក់ខ្លួនក្រដោយសារតែបម្រើនយោបាយរបស់លោក? សូមលោក សម រង្ស៊ី ចាំទុកចុះថា មេទ័ពដែលរត់ចោលសមរភូមិតែរហូតដូចរូបលោក គឺប្រយុទ្ធមួយរយដង ចាញ់មួយរយដង!!!!
ពួកយើងនៅចាំបានយ៉ាងច្បាស់ថា ចាប់តាំងពីលោក សម រង្ស៊ី បាត់បង់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិមក បើទោះជាលោក សម រង្ស៊ី ខំអួតអាងថា ជាការលះបង់តំណែងដើម្បី សង្គ្រោះបក្សក៏ដោយ ក៏ប៉ុន្តែ តាមការពិត សោកស្តាយខ្លាំងណាស់ចំពោះតំណែងនេះ។ លោកបានដុតសភាពការណ៍រហូតក្នុងគោលបំណងធ្វើឲ្យសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន កឹម សុខា ជួបនឹងបញ្ហា ដើម្បីលោកមានលេសថា អស់ពីលោកទៅ គ្មានអ្នកណាអាចមានសមត្ថភាពដឹកនាំគណបក្សនេះបានទេ។ ឥឡូវនេះ លោកបានសម្រេចបំណងហើយ គឺកម្ទេចគណបក្សសង្គ្រោះជាតិចោលទាំងស្រុង។ ការបង្កើតចលនាសង្គ្រោះជាតិនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមន្ត្រីបក្សសង្គ្រោះជាតិបែកបាក់ខ្ទេចខ្ទីគ្មានសល់។
ក្នុងន័យនេះ ពួកយើងខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និងបក្សពួករបស់គាត់ពិចារណាឡើងវិញជាបន្ទាន់ដោយរំលាយចោលនូវចលនាសង្គ្រោះជាតិនោះភ្លាម ហើយវិលមកបន្តការតស៊ូក្រោមស្លាកបក្សសង្គ្រោះជាតិដដែល។ ម្យ៉ាងទៀត បើមុននឹងសម្រេចអ្វីមួយ សូមលោក សម រង្ស៊ី ពិគ្រោះយោបល់ជាមួយលោកប្រធាន កឹម សុខា ជាមុនសិន ដោយមិនត្រូវយកលេសថា មិនអាចទាក់ទងគ្នាបាន ឬក៏ថាលោក កឹម សុខា កំពុងជាប់ពន្ធនាគារមិនអាចនិយាយអ្វីបាននោះឡើយ។ តាមពិត លោកប្រធាន កឹម សុខា នៅតែមានស្មារតីរឹងមាំ និងនៅតែជាប្រធានបក្សដែលអាចសម្រេចកិច្ចការអ្វីបានគ្រប់យ៉ាងដែលគ្មានអ្នកណាអាចរំលងតួនាទីរបស់គាត់បានឡើយ។ប្រសិនបើនៅតែបន្តប្រកាសចលនាសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរលំរលាយរបស់គណបក្សសង្គ្រោះជាតិ និងការបែកបាក់នៃមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងទាំងមូលតែម្តង។
ពួកយើងខ្ញុំសូមប្រកាសជាឧឡារឹកថា នឹងមិនចូលរួមជាមួយចលនាដែលលោក សម រង្ស៊ី បង្កើតឡើងនោះឡើយ ហើយនៅតែចាត់ទុកថា លោកប្រធាន កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែលដោយគ្មានងាករេ។ ប្រសិនបើលោក សម រង្ស៊ី នៅតែរឹងទទឹងប្រកាសចលនាសង្គ្រោះជាតិ ពួកយើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងចាត់ទុកលោក សមរង្ស៊ី ថាជាអ្នកបំផ្លាញបក្សសង្គ្រោះជាតិដោយមិនអាចប្រកែកបានឡើយ។ បើមិនចង់មានឈ្មោះថាជាអ្នកបំផ្លាញបក្សសង្គ្រោះជាតិទេ សូមលោក សម រង្ស៊ី បញ្ឈប់ចលនាសង្គ្រោះជាតិជាបន្ទាន់៕
ពីសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (យុវតីសង្រ្គោះជាតិ)