(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ បានស្នើឲ្យស្ថាប័នអន្តរជាតិ ដែលទទួលខុសត្រូវលើបញ្ហាអាវុធគីមី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជួយពន្លឿនការដោះស្រាយបញ្ហាអាវុធគីមី ដែលបានរកឃើញនៅកម្ពុជា ជាបន្ទាន់ ដើម្បីបញ្ជៀសសនូវទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរតទៅទៀត។
ការស្នើរបស់អគ្គនាយកស៊ីម៉ាក់រូបនេះ ធ្វើឡើងបន្ទាប់ពីគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅសម័យសង្គ្រាមក្នុងទសវត្សរ៍ទី៦០ និង៧០ ត្រូវបានរកឃើញជាច្រើនទីតាំង ហើយបាននិងកំពុងគម្រាមគំហែង ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ។
លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាជនកម្ពុជា ដែលធ្លាប់ទទួលរងអាវុធគីមី ពិតជាមានការឈឺចាប់ខ្លាំងណាស់ ហើយឥឡូវនេះ ឥទ្ធិពលរបស់អាវុធគីមី បានបន្តបំផ្លាញយុវជនកម្ពុជា ក្នុងជំនាន់ទី៣ឬទី៤ហើយ ដែលទាមទារឲ្យមានដំណោះស្រាយ សមស្របជាបន្ទាន់មួយ សម្រាប់បញ្ជៀសទុក្ខវេទនា បន្តទៅមុខទៀត។ សង្ឃឹមថា ប្រជាជនកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយអាវុធគីមី នឹងទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយគ្មានការពន្យារពេលវែងឆ្ងាយទៀត»។
ឆ្លើយតបនឹងការរកឃើញអាវុធីគីមី នៅក្នុងខេត្តចំនួន៣ រួមមានខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ពិសេសនៅខេត្តស្វាយរៀងនោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកការហាមឃាត់ និងដោះស្រាយអាវុធគីមី នៅលើពិភពលោក ឲ្យបញ្ជូនមន្ត្រីបច្ចេកទេសរបស់ខ្លួន ពិនិត្យ និងវាយតម្លៃអំពីអាវុធគីមី ដែលបានរកឃើញជាច្រើន ទីតាំងនៅលើទឹកដីកម្ពុជា។
នៅដើមខែធ្នូ ឆ្នាំ២០១៧កន្លងទៅ អង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ បានបញ្ជូនក្រុមបច្ចេកទេសចំនួន៤រូបពីប្រទេសហូឡង់ មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សា និងវាយតម្លៃគ្រាប់បែកគីមី របស់អាមេរិកដែលរកឃើញ នៅខេត្តចំនួន៣របស់កម្ពុជា។
ក្រុមបច្ចេកទេសរបស់អង្គការនេះ បានចំណាយពេល៥ថ្ងៃ ដើម្បីពិនិត្យ និងពិសោធន៍វាយតម្លៃទីតាំងគ្រាប់បែកចំនួន១០គ្រាប់ នៅខេត្តមណ្ឌលគិរី, ២គ្រាប់នៅខេត្តត្បូងឃ្មុំ និង២៩គ្រាប់ នៅខេត្តស្វាយរៀង។
ក្រោយបញ្ចប់បេសកកម្មរយៈពេល៥ថ្ងៃពេញ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ បានត្រឡប់ទៅកាន់ប្រទេសហូឡង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសន្យាថានឹងចេញរបាយការណ៍ផ្លូវការមួយ ផ្ញើមកកម្ពុជា អំពីលទ្ធផលនៃការចុះពិនិត្យ និងពិសោធន៍វាយតម្លៃគ្រាប់បែកគីមីទាំងនោះ។
ពាក់ព័ន្ធបញ្ហានេះ នាយឧត្តសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ថាមកដល់ពេលនេះ អាជ្ញាធរអាវុធគីមីមិនទាន់ទទួល បានការឆ្លើយតប ឬសេចក្តីថ្លែងការណ៍ណាមួយ ពីអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិនៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា អង្គការនេះនឹងឆ្លើយតបនៅពេលឆាប់ៗខាងមុខនេះ។
លោក ជ័យ សុន បានបញ្ជាក់ថា «ខ្ញុំបានឲ្យលោកឧត្តសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី តាមដានរឿងនេះ ហើយសង្ឃឹមថា ពួកគេនឹងឆ្លើយមកយើង ក្នុងពេលឆាប់ៗខាងមុខនេះ»។
បើទោះបីជាអង្គការហាមឃាត់អាវុធគីមី មិនទាន់បានបញ្ជាក់អំពីលទ្ធផលនេះយ៉ាងណាក្តី ប៉ុន្តែអង្គការនេះធ្លាប់វាយតម្លៃម្តងរួចមកហើយ លើគ្រាប់បែកគីមីដែលបានរកឃើញនៅខេត្តមណ្ឌលគីរីកាលពីឆ្នាំ២០១២ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់បែកដែលរកឃើញនោះ គឺជាអាវុធគីមីយ៉ាងពិតប្រាកដ។
លើសពីនេះ នាយឧត្តមសេនីយ៍ ជ័យ សុន ក៏ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងផងដែរថា ក្រោយក្រុមបច្ចេកទេស របស់អង្គការហាមឃាត់អាវុធគីមី ចុះពិនិត្យ និងវាយតម្លៃគ្រាប់បែកនៅខេត្តចំនួន៣របស់កម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០១៧ គឺលទ្ធផលបញ្ជាក់ថា គ្រាប់បែកទាំងនោះជាគ្រាប់បែកគីមី ដែលទម្លាក់ក្នុងសម័យសង្គ្រាមទសវត្សរ៍ទី៦០ និង៧០។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមីបានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះ។
របាយកាណ៍របស់ស៊ីម៉ាក់ បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន៕