(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានសម្រេចបញ្ជូនខ្លួនម្ចាស់ទីតាំង ដែលរងបណ្ដឹងរំលោភកម្មសិទ្ធបញ្ញារបស់ ក្រុមហ៊ុនប៊ីចេងរូបវែក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកនេះ។
បើតាមមន្ដ្រីតុលាការ ម្ចាស់ទីតាំងដែលសមត្ថកិច្ចបញ្ជូនទៅតុលាការនេះ ឈ្មោះ អ៊ឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣A ផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយសំណុំរឿងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ប្រតិបត្តិការនេះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែមករា និងបន្តរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនពេលឈានដល់ការ ចុះប្រតិបត្តិការ ទីតាំងទាំងអស់នេះ គឺខាងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ ក្រុមហ៊ុន ប៊ីចេង នៅប្រទេសថៃមានឈ្មោះថា thai fermentation industry co.ltd ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនដើម បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយជាច្រើនទីតាំង កំពុងប្រព្រឹត្ត លួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត។
បើតាមលោកឧត្តមសេនីយ៍ ការចុះបង្ក្រាបនៅកន្លែងវេចខ្ចប់ ស្តុក និងចែកចាយប៊ីចេងក្លែងក្លាយសញ្ញាវែកត្រូវបាន ធ្វើឡើងនៅ ចំនួន៣ទីតាំងរួមមាន៖
ទីតាំងទី១៖ ស្ថិតនៅចំណុចផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយដកហូតប៊ីចេងចំនួន៥៣បេ ស្មើនឹង 1.364kgs,ប៊ីចេង មិនទាន់វេចខ្ចប់ ចំនួន៧៦បេ ស្មើនឹង 1.898kgs, សំបកវេចខ្ចប់ទំងន់ 99kgs, ម៉ាស៊ីនអ៊ុតមាត់ថង់០១គ្រឿង និងម៉ាស៊ីនវេចខ្ចប់០១គ្រឿង។
ទីតាំងទី២៖ ស្ថិតនៅចំណុចផ្ទះ១៤បេ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០ កញ្ចប់តូច ស្មើនឹង 275 kgs និងសំបកខ្ចប់មួយចំនួនទៀត។ ទីតាំងទី១និងទី២ ប៊ីចេងក្លែងក្លាយមានទំងន់សរុបចំនួន 3.537kgs។
ទីតាំងទី៣៖ ស្ថិតចំណុចផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ៕