(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យមន្ត្រីអប់រំ លោកគ្រូ-អ្នកគ្រូ ត្រូវអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ឲ្យបានកាន់តែល្អ និងមានគុណភាព សំដៅបណ្តុះបណ្តាលធនធានមនុស្ស ឲ្យក្លាយជាអ្នកបន្តវេណអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានកាន់តែរីកចំរើនឡើង។
ការជំរុញបែបនេះ ក្នុងឱកាសដែលលោក កើត សុធា អញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅអនុវត្តន៍ ការងារឆ្នាំសិក្សា ២០១៧-២០១៨ ដែលរៀបចំធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ទៀតថា ជាក់ស្តែងឆ្នាំ២០១៧ ខេត្តប៉ៃលិន មានសិស្សានុសិស្ស ប្រឡងជាប់សញ្ញបត្រមធ្យម សិក្សាទុតិយភូមិសរុប១៩៨នាក់ ស្មើនឹង៦២%។
លោក កើត សុធា បានលើកឡើងថា ការកែទម្រង់ស៊ីជម្រៅវិស័យអប់រំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ នៅខេត្តប៉ៃលិន ប្រកបដោយលទ្ធផលល្អ និងមានគុណភាព។
លោក កើត សុធា ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាពិសេសលោកគ្រូ អ្នកគ្រូ ដោយផ្តោតសំខាន់លើការបន្តអនុវត្តន៍ គោលនយោបាយ និងកម្មវិធី កំណែ ទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់វិស័យអប់រំ ឲ្យមានចំណេះដឹង ជំនាញ គុណភាព សមត្ថភាព ប្រសិទ្ធិភាព ជាពិសេសការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
លោកបានបន្ថែមទៀតថា ជាពិសេសសាលារៀន ដែលជាថ្នាល់បណ្តុះបណ្តាលធនធានមនុស្ស និងជាយុទ្ធសាស្រ្ត នាំទៅដល់កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដែលមានលទ្ធភាព កែសម្អជីវភាពរស់នៅរបស់ខ្លួន ឲ្យបានកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្ដថា លោកគ្រូ-អ្នកគ្រូ មានតួនាទីណែនាំ ដល់យុវជនឲ្យខិតខំ សិក្សារៀនសូត្រ ព្រោះថាយុវជនជាធនធាន ដ៏មានតម្លៃបំផុត សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងការ ថែរក្សាសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត ដើម្បីឲ្យជាប្រទេសមួយ មានធនធាន ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
អភិបាលខេត្តប៉ៃលិន បានបន្ថែមថា «ទន្ទឹមនេះ លោកគ្រូ-អ្នកគ្រូ ត្រូវចេះអប់រំណែនាំ និងធ្វើគំរូល្អ ដល់ក្មេងជំនាន់ក្រោយ ដោយចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវតយើងទាំងអស់គ្នា»។
បើតាមរបាយការណ៍បូកសរុប របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សន្និបាតត្រូវបានវាយតម្លៃឆ្លុះបញ្ចាំង ឲ្យឃើញពិតប្រាកដនូវចំនុចខ្លាំងទាំង ឡាយ ដែលត្រូវជំរុញថែមទៀត និងចំនុចខ្វះខាត ដែលត្រូវកែលម្អ ដោះស្រាយ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ស្របទៅតាមគោលនយោបាយចតុកោណដំណាក់កាលទី៣របស់ រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ជាមួយនិងផែនការសកម្មភាព ប្រតិបត្តិប្រចាំឆ្នាំ របស់មន្ទីរអប់រំ យុវជន និងកីឡា ពេលដែលសន្និបាតអស់រយៈពេល១ថ្ងៃពេញ ត្រូវបានផ្តោតជាសំខាន់ លើ៤ចំណុចគឺ៖
ទី១៖ ការពិនិត្យឡើងវិញ ពីវឌ្ឍនភាព នៃការអនុវត្តផែនការទិសដៅ ដែលអង្គសន្និបាតឆ្នាំកន្លងមកបានអនុម័ត។
ទី២៖ ការពិនិត្យលើការប្រែប្រួល រីកចម្រើនថ្មីៗ លើការកែលម្អគុណភាព និងប្រសិទ្ធិភាពអប់រំ ពិសេសការរៀន និងបង្រៀននៅគ្រប់ផ្នែក និងគ្រប់ភូមិសិក្សា។
ទី៣៖ ពិនិត្យឡើងវិញ ពីប្រសិទ្ធិភាព នៃការគ្រប់គ្រងបុគ្គលិក ថវិកា និងការប្រើប្រាស់។
ទី៤៖ ការដាក់ចេញជាអនុសាសន៍ និងវិធានការ ជាយុទ្ធសាស្រ្តសម្រាប់អនុវត្តនៅឆ្នាំខាងមុខបន្តទៀត។
ក្នុងឱកាសនោះដែរ លោក កើត សុធា ក៏បានប្រគល់ប័ណ្ណសសើរដល់សាលាល្អ ដែលជាប់ជ័យលាភីពីលេខ១ ដល់លេខ៣ ផងដែរ៕