(កំពង់ស្ពឺ)៖ កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជន បានធ្វើលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរកម្ពុជា-ចិន។
សមយុទ្ធនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ កាលពីសប្តាហ៍មុន នៅបញ្ជាការដ្ឋាន ការពារកោះឆ្នេរ និងវិទ្យាស្ថានកងទ័ពជើងគោក និងចុះពិនិត្យភូមិសាស្ត្រទីតាំងលំហាត់ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់នាយរងសេនាធិការចម្រុះ មេបញ្ជាការ មេបញ្ជាការរង ទ័ពជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀតអមដំណើរផងដែរ នៅសប្តាហ៍មុន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ប្រធានបទលំហាត់រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺបេសកម្មប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន ហើយលំហាត់នេះរៀបចំក្នុងរូបភាពកងពលតូច និងអនុវត្តជាក់ស្តែង កម្រិតថ្នាក់វរសេនាតូច ដោយបែងចែកជាពីរ គឺលំហាត់ទីបញ្ជាការនឹងលំហាត់លើទីលាន ចំពោះកម្លាំងចូលរួមក្នុងលំហាត់នេះភាគីកម្ពុជា មានចំនួន២៨០នាក់ ភាគីចិនមានចំនួន១៩០នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ចំពោះលំហាត់លើទីលានបានសម្រេចយកបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងយោធិនភូមិភាគ៣ ធ្វើជាទីតាំងហ្វឹកហាត់ត្រៀមដែលមានលំដាប់លំ ដោយរួមមានការរាវមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការដោះគ្រាប់បែកសារធាតុគីមីពុលការ បន្សាបជាតិគីមីពុល ការប្រយុទ្ធកងអនុសេនាធំរថគ្រោះ សហការជាមួយវរសេនាតូចថ្មើជើង ការរំដោះចំណាប់ខ្មាំង និងការងារមនុស្សធម៌៕