(ព្រះសីហនុ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាបន្ដបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ និងថ្នាំញៀនមួយចំនួន នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់។
មន្ដ្រីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ស្ថិតនៅក្រុម៤ ភូមិ៤ សង្កាត់៤។ ក្នុងនោះ ជនសង្ស័យទី១៖ឈ្មោះ វុធ ស្រីអូន អាយុ៣៥ឆ្នាំ, ទី២៖ឈ្មោះ ចិន រិទ្ធី អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ ម៉ែន ស៊ីចាន់ អាយុ៣០ឆ្នាំ និងទី៤៖ ឈ្មោះ ហ៊ុល សុភ័ក្ត្រ អាយុ៣២ឆ្នាំ ដោយដកហូតបានម្សៅក្រាមពណ៍សថ្លា០៦កញ្ចប់ ទូរស័ព្ទ០២គ្រឿង។
បើតាមប្រភពខាងលើ នៅចំណុចថ្នល់រថភ្លើងស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ សហការជាមួយកម្លាំងអន្ដរាគមន៍ បានធ្វើការបង្រាបករណីជួញដូរគ្រឿងញៀន០១ករណី ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ផន វីរៈ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតបានម្សៅសថ្លាចំនួន១២កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿង។
ក្រោយប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕