(បាត់ដំបង)៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូយោធាថៃ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ណុប ផាដុនប៉ាន់យ៉ាឈូម មេបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបូរី-ត្រាត នៃប្រទេសថៃ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
កិច្ចជួបពិភាក្សាការងារខាងលើនេះ បានរៀបចំធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីពង្រឹកចំណងមិត្តភាព រវាងខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំង២ ឲ្យកាន់តែជិតស្និទ្ធថែមទៀត និងពិភាក្សាការងារទំនាក់ទំនង ព្រមទាំងកិច្ចការសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅស្រុកនានា តាមតំបន់ព្រំដែននៃប្រទេសទាំង២។
ក្នុងជំនូបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត, លោកមេបញ្ជាការរង, ស្នងការនគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, មេបញ្ជាការរងប្រតិបត្តិសឹករងខេត្ត លោក-លោកស្រី, អភិបាល-រងស្រុក, ប្រធានច្រកព្រំដែន ប្រទេសទាំង២ និងមន្រ្តីសាលាខេត្តជាច្រើនរូបទៀត។
លោកបណ្ឌិត ប៊ុត គឹមស៊ាន និងក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការការពារ ព្រំដែនខេត្ត ច័ន្ទបូរី-ត្រាត នៃប្រទេសថៃ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាការងារទំនាក់ទំនងការងារសន្តិសុខ នៅតាមព្រំដែនរវាងប្រទេសទាំង២។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានបន្ថែមទៀតថា កិច្ចជួបពិភាក្សាការងារនេះ បង្ហាញឲ្យឃើញពីចំណងសាមគ្គីភាពមិត្តភាពដ៏ល្អ ជាមួយគ្នាជាយូរលង់មកហើយ ក្នុងការពង្រឹង នឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យពិសេស វិស័យការពារជាតិ និងការពារព្រំដែន រវាងប្រទេសកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងជំនួបនេះដែរ ភាគីប្រតិភូថៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តបាត់ដំបង តែងតែបានសហការការងារជាមួយគ្នាបានល្អប្រសើរ ពិសេសខេត្ត ដែលនៅជាប់ព្រំដែនគ្នា នាពេលកន្លងមក ក៏ដូចជាទៅអនាគតផងដែរ៕