(ព្រះសីហនុ)៖ នារីម្នាក់ត្រូវចោរឆក់កាបូបយកទៅបាត់ ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវនៅក្រុងព្រះសីហនុ ដោយក្នុងកាបូបនោះមានខ្សែក៣តម្លឹង និងលុយជាង៦លានរៀល តែត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុជួយអន្តរាគមន៍តាមចាប់ជនសង្ស័យបាន និងយកទ្រព្យសម្បត្តិមកវិញបានខ្លះ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សកម្មភាពឆក់ខាងលើនេះ កើតឡើនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវកែង ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់ជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងគ្នា២នាក់ ដោយជនរងគ្រោះអង្គុយពីខាងក្រោយភ្លេចខ្លួន។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ បានចង្អុលដឹកនាំបញ្ជាឲ្យកម្លាំងជំនាញបើកការស៊ើបអង្កេត ចាប់ខ្លួនជនសង្ស័យឲ្យបាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងកម្លាំងការិយាល័យជំនាញផែនព្រហ្មទណ្ឌ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ។
លោក ជួន ណារិន្ទ បានបន្តថា ជនសង្ស័យមានឈ្មោះ លី ប្រាថ្នា អាយុ២៧ឆ្នាំ មានទីលំនៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ចំណែកជនរងគ្រោះមានឈ្មោះ សុន ធា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពុងត្រាច ខេត្តកំពត។ សម្ភារៈបាត់បង់ រួមមាន កាបូប១ ខ្សែកមាស៣ខ្សែ ស្មើនឹងទម្ងន់៣តម្លឹង និងលុយសុទ្ធ ៦,៥០០,០០០រៀលទៀត។
លោកបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានហើយ កម្លាំងបានដកហូតវត្ថុតាងមួយចំនួន មានលុយ ២,០០០,០០០រៀល ខ្សែកលោហធាតុពណ៌លឿង ២ខ្សែ និងម៉ូតូ ១គ្រឿង។
បើតាមលោកស្នងការ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕