(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ៨កើត ខែមាឃ ឆ្នាំរការ នព្វស័កព.ស ២៥៦១នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានជួបពិភាក្សាការងារជាមួយ ក្រុមការងារអនុវត្តគំរោងជំនួយរដ្ឋាភិបាលជប៉ុន ផ្តល់មកស៊ីម៉ាក់ សំរាប់ឆ្នាំ២០១៨នេះ ដែលមានទឹកប្រាក់ជិត៨លានដុល្លារអាមេរិក។
ការពិភាក្សានេះ គឺជាការត្រួតពនិត្យគម្រោងជំនួយដែលមានទឹកប្រាក់ជិត៨លានដុល្លារ ដែលរាជរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយដល់ស៊ីម៉ាក់កាលពីចុងឆ្នាំ២០១៧ ដើម្បីបន្តបោសសម្អាតមីន និងជួយដល់អ្នករងគ្រោះដោយសារមីន នៅខេត្តបាត់ដំបង។
លោក ហេង រតនា បានប្រាប់ Fresh News ឲ្យដឹងថា គម្រោងដែលជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ សម្រាប់ការគាំទ្រការបោសសំអាតមីន និងជួយគាំទ្រដល់ជនរងគ្រោះ ដោយសារមីនផ្ទាល់ នៅខេត្តបាត់ដំបង ទិស៤ស្រុក រួមមានស្រុកសំឡូត រតនមណ្ឌល បាណន្ត និងស្រុកបរវេល មានចំនួនប្រមាណជិត៤លានដុល្លារអាមេរិក និងទិញគ្រឿងចក្រកំទេចមីនចំនួន៥គ្រឿង បូករួមនឹងគ្រឿងបន្លាស់ចំនួនជាង៣.៤លានដុល្លារ និងតង់ស្នាក់នៅសំរាប់អ្នកដោះមីន មានចំនួន៥០តង់ធំ។
លោក ហេង រតនា បញ្ជាក់ទៀតថា គ្រឿងចក្រ និងសំភារ´´នឹងមកដល់កម្ពុជា នៅចុងខែមីនា ២០១៨ ។ ទន្ទឹងនឹងនេះ នឹងមានការអនុវត្តរួមគ្នានៃគំរោងគាំទ្រដល់ប្រទេសកូឡំប៊ី (Colombia) ដោយរដ្ឋាភិបាលជប៉ុនជួយសំភារៈ រីឯស៊ីម៉ាក់ផ្តល់ការហ្វឹកហ្វឺន ដែលបង្ហាញឲ្យឃើញពីខិតខំទាំងអស់គ្នា ដើម្បីពិភពលោកមួយគ្មានគ្រាប់មីន៕