(ថៃ)៖ ក្នុងឱកាសអញ្ជើញសុខទុក្ខពលករខ្មែរចំនួន ៥២៦នាក់ ដែលធ្វើការនៅរោងចក្រផលិតសាច់មាន់មួយក្នុងខេត្តសារ៉ាក់បុរី ប្រទេសថៃ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លោក អ៉ិត សំហេង បានជម្រាបប្រាប់ពលករខ្មែរនៅទីនោះថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពិភាក្សាជាមួយភាគីថៃ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិការងារ ក្នុងនោះមានរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ជូនដល់ពលករកម្ពុជា។

សកម្មភាពចុះសួរសុខទុក្ខប្រជាពលករខ្មែរខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដោយលោករដ្ឋមន្ត្រីបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលករខ្មែរខ្មែររស់នៅថៃទាំងអស់ ទោះបីជាពលករខ្មែរចាកចេញទៅធ្វើការនៅក្រៅស្រុកក៏ដោយ ក៏សម្តេចនៅតែបញ្ជូនគណៈប្រតិភូចុះមកតាមដានពីសុខទុក្ខ និងតាមមើលការខុសត្រូវជាប់ជានិច្ច ធ្វើយ៉ាងណាឲ្យពលករខ្មែរទទួលបាននូវភាពស្របច្បាប់។

លោករដ្ឋមន្ត្រីបានបន្តថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ លោកបានមកជួបចចារម្តងទៀតជាមួយភាគីថៃ ជាលទ្ធផលភាគីថៃបានព្រមពន្យារពេលរយៈពេល ៦ខែទៀត រហូតដល់ខែមិថុនា ឆ្នាំ២០១៨ ដើម្បីឲ្យក្រុមការងាររៀបចំឯកសាផ្តល់ភាពស្របច្បាប់ ជូនដល់ពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ហេតុដូចនេះ សូមពលករខ្មែរធ្វើការដោយស្ងប់ចិត្ត ហើយបើមិនទាន់មានឯកសារស្របច្បាប់ សូមនាំគ្នាទៅធ្វើឲ្យបានទាន់ពេលវេលា។

លោកបញ្ជាក់ថា ក្រុមការងារផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងបន្តការងារ ដោយ៖
១៖ ផ្ដល់លិខិតធ្វើដំណើរ និងបណ្ណពលករ ៣មណ្ឌល ដែលមានទីតាំងនៅទីក្រុងបាងកក ខេត្តរ៉ាកយ៉ង និងខេត្តសុងខ្លា ធ្វើមួយថ្ងៃហើយតម្លៃ ២,៣៥០បាត។
២៖ ចែកឯកសាធ្វើដំណើរ (TD) និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ដែលធ្វើរួចហើយចំនួន ១២ម៉ឺន នៅសល់ ១១ម៉ឺន តម្លៃ៩៥០បាត។
៣៖ រៀបចំបន្ថែមក្រុមចល័ត២ទៀត ចុះតាមកន្លែងដែលមានពលករខ្មែរច្រើនតាមសំណូមពរភាគីថៃ។
៤៖ អនុញ្ញាតឲ្យសុំលិខិតពីមន្ទីរកាងារថៃ ដោយអាចទៅធ្វើឯកសារពីក្នុងប្រទេសបាន។
៥៖ បើកមណ្ឌលផ្ដល់ឯកសាធ្វើដំណើរ (TD) និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ចំនួន៣កន្លែង រយៈពេល៣ថ្ងៃ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

លោកថ្លែងយ៉ាងដូច្នេះថា «ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំផ្តល់ភាពស្របច្បាប់ ជូនដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពិភាក្សាជាមួយភាគីថៃ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិការងារ ដែលក្នុងនោះរួមមានរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ជូនដល់ពលករកម្ពុជា ដូចពលករថៃដែរ»

លោកក៏បានអំពាវនាវដល់ពលករខ្មែរកំពុងធ្វើការ និងរស់នៅប្រទេសថៃ ត្រូវអនុវត្តច្បាប់របស់ប្រទេសគេឲ្យបានល្អ ជៀសវាងកុំធ្វើពលករខុសច្បាប់ ដែលនាំឲ្យគេកេងប្រវ័ញ្ចយកផលប្រយោជន៍ពីយើង តាមរយៈការពិន័យ និងត្រូវជាប់ទោសទៀតផង។ ពលករខ្មែរត្រូវថែរក្សាសុខភាព ខំរៀនជំនាញដើម្បីអនាគត និងត្រូវចេះជួយគ្នាទៅវិញទៅមកដូចជាក្រុមគ្រួសារតែមួយ ដូចពាក្យចាស់ពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។

ទន្ទឹមនឹងនោះ លោកបានស្នើឲ្យថៅកែក្រុមហ៊ុនថៃ បន្តទទួលពលករខ្មែរ និងផ្ដល់ក្ដីស្រឡាញ់ ព្រមទាំងអត្ថប្រយោជន៍ដូចពលករថៃ និងសុំស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក បន្តយកចិត្តទុកដាក់តាមដានដោះស្រាយរាល់បញ្ហានានា ស្របតាមច្បាប់នៃប្រទេសថៃផងដែរ៕