(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកមូយ នៅចំនុចដីមួយកន្លែង នៅខាងលិចអាងទឹកសិប្បនិមិត្ត ទីរួមខេត្តត្បូងឃ្មុំ ដែលស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោយពេល គ្រឿងចក្រអេសកាជីកកាយដី។
ក្រោយប្រទះឃើញបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញារធរខេត្ត ដើម្បីអោយក្រុមបច្ចេកទេស មកដោះយកទៅ ដោយការភ័យខ្លាចក្រែងផ្ទុះ ។
បន្ទាប់ពីទទួលពត៌មាននេះ ពីសំណាក់ប្រជាពលរដ្ឋជាបន្តបន្ទាប់ នូវគ្រាប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាម ពិសេសសហរដ្ឋអាមេរិក, នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានភីម៉ាក់ខេត្ត រួមជាមួយនឹង គណៈកម្មការសកម្មភាពមីនខេត្ត និងក្រុមបច្ចេកទេសដោះគ្រាប់ បានចុះពិនិត្យ និងធ្វើការដោះគ្រាប់ ដើម្បីយកទៅរក្សាទុក និងកម្ទេចចោល ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្នុងន័យធ្វើយ៉ាងណា ធានាអោយបានសុខសុវត្ថិភាពជូនពួកគាត់ ។
សូមបញ្ជាក់ថា គ្រាប់ផ្លោងដែលរកឃើញនេះ ជាប្រភេទគ្រាប់ផ្លោង១៣០មីលីមែត្រ ដែលមានកម្លាំងផ្ទុះរហូតដល់៥០០មែត្រជុំវិញ ដែលនេះជាមរតកកាលពីសម័យសង្គ្រាម ដែលអាមេរិចបានបន្សល់ទុក ៕